(បរទេស)៖ ក្រុមហ៊ុនយក្សអាមេរិក Microsoft និង OpenAI ត្រូវបានរាយការណ៍មកថា កំពុងធ្វើការរួមគ្នាលើការផលិតកុំព្យូទ័រទំនើបឆ្លាតវៃ AI មួយ ដែលមានឈ្មោះថា «Stargate» ហើយកុំព្យូទ័រនោះ អាចមានតម្លៃដល់ទៅ១០០ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមរបាយការណ៍របស់ The Information ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Indian Express នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

ការចេញផ្សាយ គឺបង្ហាញពីរបាយការណ៍ចំណាយបណ្តោះអាសន្ន មានតម្លៃទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារ បង្ហាញដោយមនុស្សម្នាក់ ដែលបាននិយាយជាមួយ លោក Sam Altman អំពីគម្រោងនេះ ហើយមនុស្សម្នាក់នោះ បានមើលការប៉ាន់ប្រមាណតម្លៃដំបូងមួយចំនួន។ ក្នុងន័យនេះ ហាក់ដូចជាក្រុមហ៊ុន Microsoft នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោង ដែលអាចចំណាយប្រាក់ច្រើនជាង ១០០ដង នៃទិន្នន័យដ៏ធំបំផុតមួយចំនួន ហើយនឹងមកដល់ត្រឹមឆ្នាំ២០២៨ ប៉ុណ្ណោះ។

របាយការណ៍នេះបានឲ្យដឹងថា «Stargate» នឹងក្លាយជាកុំព្យូទ័រដ៏ធំបំផុតនៅក្នុងស៊េរីកុំព្យូទ័រដែល Microsoft និង OpenAI គ្រោងនឹងសាងសង់ក្នុងរយៈពេល ៦ឆ្នាំខាងមុខ។ គម្រោង Supercomputer បច្ចុប្បន្នកំពុងស្ថិតក្នុងពាក់កណ្តាល នៃដំណាក់កាលទីបី ដោយ Stargate ជាផ្នែកនៃដំណាក់កាលទី៥ និងចុងក្រោយ។ ផ្នែកសំខាន់ នៃការចំណាយសម្រាប់ដំណាក់កាលនាពេលខាងមុខ គឺបន្ទះឈីប AI។

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះនៅតែមានការជាប់គាំងបន្តិច នៅក្នុងដំណើរការអភិវឌ្ឍ AI ព្រោះកង្វះខាតនៃអង្គដំណើរការក្រាហ្វិក ឬ GPUs ដែលត្រូវបានប្រើ ដើម្បីបំបែកទិន្នន័យ សម្រាប់ម៉ូដែល AI ត្បិតបច្ចប្បន្ននេះ តម្រូវការ AI កើនឡើងខ្លាំង។ លើសពីនេះ ក្រុមហ៊ុនផលិតមួយគឺ Nvidia ស្ទើរតែមានសិទ្ធិផ្តាច់មុខនៅលើទីផ្សារ ដោយសារតែក្រុមហ៊ុននេះបានផលិតបន្ទះឈីប ដែលមានសមត្ថភាពបំផុតសម្រាប់ AI ។

នាយកប្រតិបត្តិ Nvidia លោក Jensen Huang ភ្លាមៗ បន្ទាប់ពីព្រឹត្តិការណ៍ GTC ២០២៤ របស់ក្រុមហ៊ុនបានបញ្ជាក់ថា បន្ទះឈីប AI ចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Blackwell B200 នឹងមានតម្លៃចន្លោះពី ៣០,០០០ទៅ ៤០,០០០ដុល្លារក្នុងមួយឯកតា។ ក្រុមហ៊ុនបានចំណាយប្រាក់ជាង ១០ពាន់លានដុល្លារលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បន្ទះឈីបនេះ។

ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមមាន Intel, Qualcomm, Google Cloud, Arm និង Samsung បានរួមគ្នាបង្កើត «United Acceleration Foundation» ដែលជាគំរូកម្មវិធីបង្កើនល្បឿនស្តង់ដារបើកចំហ ដែលមានបំណងប្រកួតប្រជែងទាំងផ្នែក Software និង Hardware របស់ Nvidia នៅក្នុងវិស័យ AI នេះ៕