(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ២ពាន់ដុល្លារ ដល់មូលនិធិទ្រទ្រង់ក្រុមបាល់ទាត់ ប៉េង ហួត ក្នុងការប្រកួតរដូវកាលថ្មី រវាងកីឡាករក្លឹបបាល់ទាត់ ប៉េង ហួត ដែលមានអតីតកីឡាករជម្រើសជាតិបាល់ទាត់វ័យចាស់ក្នុងកំឡុងទស្សវត្សទី ៦០-៧០-៨០ នៅទីតាំង មជ្ឈមណ្ឌលកីឡាផ្លាទីនីម បុរី ប៉េង ហួត (បឹងស្នោ) នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ការឧបត្ថម្ភនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបន្តរួមចំណែកថែរក្សានូវធនធានអតីតកីឡាករជម្រើសជាតិបាល់ទាត់។ បច្ចុប្បន្នពួកគាត់ គឺជាគ្រូបង្វឹកសម្រាប់ធនធានកីឡាករបាល់ទាត់ជំនាន់ក្រោយៗ ដែលនេះគឺជាផ្នែកមួយចូលរួមលើកកម្ពស់វិស័យកីឡា និងមិត្តភាព។

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ «ការអប់រំ បរិស្ថាន និងសង្គម» ហើយសម្រាប់ការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម។ល។

ជាមួយគ្នានេះការងារសង្គមនៃបង្គោលទី៣នេះ ក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម៕