(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានផ្តួចផ្តើមគំនិត រៀបចំកម្មវិធីសប្បុរសធម៌ «រត់ដើម្បីកុមារអង្គរ» ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ព្រមទាំងរៃអង្គាសថវិកាដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដោយកម្មវិធីនេះប្រមូលបានថវិកាចំនួន ១៧លាន ប្រាំសែន ពីរម៉ឺន ប្រាំបីពាន់ ប្រាំរយ ដប់ប្រាំមួយរៀល។

កម្មវិធីរត់ដើម្បីកុមារអង្គរ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ នៅទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ ព្រមទាំងបងប្អូនសារធារណជនរួមទាំងអស់ប្រមាណ ៧០០នាក់។

លើសពីការបរិច្ចាគជាសាច់ប្រាក់ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ស្ថាប័នទាំងពីរ ក៏បានប្រគល់អំណោយដែលឧបត្ថម្ភដោយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត រួមមានទឹកដោះគោNuVi ចំនួន៥០កេស ទឹកក្រូចអាយស៍ចំនួន៦០កេស និងទឹកពិសាកម្ពុជាចំនួន១០០កេស ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ស្របពេលជាមួយគ្នានេះផងដែរ។

ធនាគារ ជីប ម៉ុង គឺជាធនាគារក្នុងស្រុកដែលមានវត្តមាននៅលើទីផ្សារជាង៥ឆ្នាំ និងតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌និងកម្មវិធីដែលជួយដល់សង្គមខ្មែរជាច្រើន៕