(ឡុងដ៍)៖ ស្តង់ដារអាជ្ញាកណ្តាលក្នុងលីគអង់គ្លេស Premier League បានដាំក្បាលចុះក្នុងរដូវកាលនេះ។ នេះជាសម្តីអ្នកចាត់ការក្លិប Burnley លោក Vincent Kompany បានលើកឡើងនៅថ្ងៃចន្ទ ដែលជាការចូលរួមរិះគន់លើមន្ត្រីអាជ្ញាកណ្តាល បន្ទាប់ពីមានការកាត់សេចក្តីដ៏ចម្រូងចម្រាស់មួយចំនួន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

ក្រុមរបស់លោក Kompany នៅសល់សមាជិកត្រឹម ១០នាក់ចាប់ពីចុងម៉ោងនៃវគ្គទី១ មកពេលប៉ះតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ ហើយអ្នកចាត់ការសញ្ជាតិបែលហ្សិករូបនេះ ក៏បានទទួលពិន័យកាតក្រហម ដោយសារការរតវ៉ានឹងការសម្រេចឱ្យទាត់បាល់ពិន័យ (Free kick)។

ក្លិបរងការគំរាមកំហែងកាត់ចេញពីលីគដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាង Premier League ដោយនៅសល់ ៨ប្រកួតទៀតនោះ ទទួលបានលទ្ធផលស្មើ ២-២ ទល់នឹង Chelsea នៅកីឡដ្ឋាន Stamford Bridge។

«ខ្ញុំនឹងនៅតែនិយាយនូវអ្វីដែលខ្ញុំគិត។ ខ្ញុំមិនខ្មាស់អៀនពីការនិយាយនោះទេ។ ខ្ញុំបាននិយាយទៅកាន់មន្ត្រីថា អាជ្ញាកណ្តាល មិនទាន់ល្អគ្រប់គ្រាន់នៅឡើយនោះទេ ក្នុងរដូវកាលនេះ។ ខ្ញុំនិយាយរិះគន់នេះ ក្នុងន័យស្ថាបនា» លោក Kompany បានលើកឡើង។

«កាលពីឆ្នាំមុន ខ្ញុំបាននិយាយថា អាជ្ញាកណ្តាលនៅលីគអង់គ្លេសនេះ គឺធ្វើការសម្រេចចិត្តបានល្អបំផុត នៅលើពិភពលោក។ ខ្ញុំមានអារម្មណ៍ថា តែងតែមានសុភវិនិច្ឆ័យ ត្រូវបានអនុវត្ត។ ឆ្នាំនេះ ខ្ញុំមិនមានអារម្មណ៍បែបនោះទៀតទេ»

សូមជម្រាបថា Burnley នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Wolverhampton ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ នៅថ្ងៃអង្គារនេះ៕