(អ៊ីស្តង់ប៊ូល)៖ ក្លិបបាល់ទាត់អាជីពដ៏ធំរបស់ប្រទេសតួកគី គឺ Fenerbahce នឹងប្រជុំសម្រេចថាតើគួរដកខ្លួនពីលីគ Super Lig នៅថ្ងៃអង្គារ ទី០២ ខែមេសានេះ ឬយ៉ាងណា បន្ទាប់ពីក្រុមកីឡាកររបស់ខ្លួនបានទទួលរងនូវការវាយ ប្រហារដល់ក្នុងទីលានពីអ្នកគាំទ្រខាងគូបក្ខដិបក្ខនាពេលកន្លងមក។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Fenerbahce បានធ្វើការកោះហៅ សមាជិកប្រតិបត្តិ រួមទាំងកីឡាកររបស់ខ្លួនទាំងអស់ក្នុងការរកដំណោះស្រាយ ថាតើគួរដកខ្លួនពីលីគកំពូលមួយនេះ ឬយ៉ាងណានោះ ដ្បិតកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ អតីតម្ចាស់ជើងឯក Super Lig ១៩សម័យកាលមួយនេះ ត្រូវបានក្រុមអ្នកគាំទ្រខាងម្ចាស់ផ្ទះ Trabzonspor រត់ចូលទីលាន ដើម្បីវាយកីឡាកររបស់ពួកគេ ក្រោយកញ្ចែបញ្ចប់ប្រកួតពេញម៉ោងដែល Fenerbahce បានយកឈ្នះ ៣-២ នោះ។

ក្នុងហេតុការណ៍វាយប្រហារនោះដែរ សហព័ន្ធគ្រប់គ្រងបាល់ទាត់តួកគីបានរាយការណ៍ផងដែរថា មានកីឡាករ Fenerbahce ៣នាក់ និងមន្រ្តីសហព័ន្ធ ២រូបផ្សេងទៀតរងផលប៉ះពាល់ និងរំលងបាន ១ថ្ងៃ មនុស្សចំនួន ១២នាក់ ក៏ត្រូវបានធ្វើការឃាត់ខ្លួនផងដែរ។

ទាក់ទិននឹងបញ្ហានេះដែរ ទាំងសហព័ន្ធបាល់ទាត់តួកគី រួមទាំង FIFA បានចាត់ទុកថា «នេះជាហេតុការណ៍ដែលបង្កឡើងដោយចេតនា និងមិនអាចទទួលយកបានឡើយ»