(បរទេស)៖ ក្រុមហ៊ុនចិន Xiaomi បានជូនដំណឹងដល់អ្នកទិញរថយន្តអគ្គិសនីប្រភេទ SU7 របស់ខ្លួនថា អាចប្រឈមនឹងការរង់ចាំពី៤ទៅ៧ខែ ឯណោះ ទំរាំរថយន្តបានដល់ដៃ ដែលនេះជាសញ្ញានៃតម្រូវការខ្លាំង សម្រាប់រថយន្តដំបូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

ក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកមួយនេះ បានចាប់ផ្តើមទទួលការបញ្ជាទិញទុកមុន (Pre Order) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបាននិយាយថាការបញ្ជាទិញជាមុនបានកើនឡើងដល់ ៨៨,៨៩៨គ្រឿង ក្នុងរយៈពេលតែ ២៤ម៉ោងដំបូងប៉ុណ្ណោះ ពោលគឺលក់អស់ពីស្តុកតែម្តង។ ការដឹកជញ្ជូនសម្រាប់ម៉ូដែល SU7 ស្តង់ដារ ដែលមានតម្លៃ ២៩,៨៧០ដុល្លារ អាចចំណាយពេល ១៨-២១សប្តាហ៍។ នេះបើយោងតាមការត្រួតពិនិត្យដោយ Reuters នៅលើកម្មវិធីរថយន្តរបស់ក្រុមហ៊ុន Xiaomi ។

ងាកមកការដឹកជញ្ជូនសម្រាប់ម៉ូដែល SU7 Pro អាចចំណាយពេល ១៨-២១ សប្តាហ៍ ខណៈដែលម៉ូដែលថ្លៃបំផុតដែលមានតម្លៃ ២៩៩,៩០០យន់ អាចចំណាយពេល ២៧-៣០ សប្តាហ៍។

គួរជម្រាបថា រថយន្ត SU7 ត្រូវបានគេមើលឃើញថា ការរចនាមានភាពទាក់ទាញជាខ្លាំង រហូតមានការប្រៀបធៀបជាមួយនឹងម៉ូដែលរថយន្តស្ព័រ Taycan និង Panamera របស់ Porsche និងត្រូវបានដាក់ឲ្យមានការបញ្ជារទិញ ចំពេលមានសង្រ្គាមតម្លៃកើតឡើង នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ដែលមានម៉ាកយីហោជាង ៤០ប្រកួតប្រជែង៕