(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រកាសផ្សព្វផ្យាយ គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល ក្នុងឱកាសនៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ដើម្បីបង្កើនសមត្ថភាព និងចំណះដឹងលើការចាប់យក បច្ចេកវិទ្យាឌីជីថល និងពង្រឹងការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល ត្រូវបានដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញពាក់ព័ន្ធ សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្មមកពីវិស័យឯកជននានា ក៏ដូចជាម្ចាស់ឧបត្ថម្ភ ដៃគូអភិវឌ្ឍន៍ និងដៃគូសហការជាច្រើនប្រមាណជា៣០០នាក់។

គម្រោងពន្លឿនការប្រើប្រាស់ឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ គឺជាគម្រោងដែលទទួលបានការគាំទ្រថវិកា ដោយគណៈកម្មាធិការគ្រប់គ្រងមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (គ.ស.អ.) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើនសមត្ថភាព និងចំណះដឹងលើការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រឹងការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍជំនាញ សមត្ថភាព និងប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្ពោះទៅរកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលនីយកម្ម តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីប្រធានបទ ចំនួន៦ សំខាន់ៗរួមមានទី១ សហគ្រិនភាពនិងការអភិវឌ្ឍផែនការអាជីវកម្ម ទី២ ការប្រើប្រាស់ឌីជីថលក្នុងអាជីវកម្ម ទី៣ ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ទី៤ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស ទី៥ ការប្រើប្រាស់ឌីជីថលក្នុងការគ្រប់គ្រងបុគ្គលិក និងអាជីវកម្ម និងទី៦ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានទទួលការគាំទ្រច្រើន ពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមការដឹកនាំពីលោកបណ្ឌិតរដ្ឋមន្រ្តី ជា វ៉ាន់ដេត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់សហគ្រិន ម្ចាស់អាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

នេះជាគម្រោងធំទី២ហើយ ដែលសមាគមបានទទួលការគាំទ្រថវិកាដោយផ្ទាល់ ពីក្រសួងក្រសួងប្រៃសណីយ៍។ ក្នុងឆ្នាំ២០២៣ មានម្ចាស់សហគ្រាសចំនួន១០២នាក់ បានទទួលនូវវគ្គបណ្តុះបណ្តាល និងបង្វឹកដោយផ្ទាល់ពីអ្នកជំនាញពី គម្រោងដែលគាំទ្រដោយក្រសួងនេះ ហើយគម្រោងដែលសម្ពោធដាក់ឲ្យដំណើរការនេះ នឹងបន្តជួយដល់សហគ្រិន និងម្ចាស់សហគ្រាស ចំនួន ២០០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។

ក្រៅពីការអភិវឌ្ឍសមត្ថភាព ក្រសួងនឹងផ្តល់ជំនួយបដិភាគហិរញ្ញវត្ថុចំនួន៥០០ដុល្លារក្នុង១សហគ្រាសដែលចូលរួមក្នុងវគ្គ ដែលមានបំណងភ្ជាប់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទៅក្នុងអាជីវកម្មរបស់ពួកគេ។ លើសពីនេះសមាគមក៏បានទទួលការគាំទ្រ ថវិកាពីក្រសួង ក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាចំនួន ៧ ទីតាំង នៅតាមបណ្ដាសាខាខេត្តរបស់សមាគម និងការិយាល័យកណ្ដាលសមាគមថ្នាក់ជាតិ៕