(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញជាង ២ខែកន្លះកន្លងមក រួមមានក្រុមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមក្រសួងសុខាភិបាល ដែលបានយកឈ្នះគូប្រកួត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីដូចគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្រុមក្រសួងអប់រំ យុវជន និងកីឡា បានយកឈ្នះក្រុមម្ចាស់ទឹកដី គឺក្រសួងការពារជាតិ ដោយការទាត់បាល់ប៉េណាត់កាត់សេចក្ដី ៤-១ ក្រោយការប្រកួតពេញម៉ោងស្មើគ្នា ០-០ ខណៈប្រកួតបន្ទាប់ ក្រុមក្រុមក្រសួងសុខាភិបាល បានយកក្រុមក្រសួងមុខងារសាធារណៈ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-១ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០-០ ដូចគ្នា។

ជ័យជម្នះនេះ នាំឲ្យក្រុមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមក្រសួងសុខាភិបាល ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបគ្នាកាត់សេចក្ដី ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ នាល្ងាចថ្ងៃទី០៦ ខែមេសាខាងមុខ នៅកីឡដ្ឋានស្ដាតចាស់។ រីឯក្រុមចាញ់ គឺក្រសួងការពារជាតិ និងក្រុមក្រសួងមុខងារសាធារណៈ ក៏នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នារសៀលថ្ងៃជាមួយគ្នានោះផងដែរ៕