(សិង្ហបុរី)៖ សិង្ហបុរី បានដកខ្លួនចេញពីការចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតពហុកីឡា Commonwealth Games នៅឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

ស្ថាប័ន Sport Singapore និង Commonwealth Games Singapore (CGS) បានលើកឡើងនៅថ្ងៃពុធថា «ពួកគេបានសិក្សាលើលទ្ធភាព នៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Commonwealth Games ឆ្នាំ២០២៦ ហើយបានសម្រេចចិត្តមិនធ្វើការដេញថ្លៃណាមួយ ដើម្បីធ្វើជាម្ចាស់ផ្ទះនោះទេ»។

​ការលើកឡើងនេះ បានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីសិង្ហបុរីបានលើកឡើងថា ខ្លួនបាននឹងកំពុងវាយតម្លៃលើលទ្ធភាព តាមការអញ្ជើញរបស់សហព័ន្ធកីឡា Commonwealth Games Federation (CGF) ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០២៦។

ស្ថាប័ន SportSG និង CGS បានប្រាប់ CNA កាលថ្ងៃទី១៤ ខែមីនាថា នៅអំឡុងពេលមហាសន្និបាតកាលពីខែវិច្ឆិកាឆ្នាំមុន CGF បានអញ្ជើញសមាគមជាសមាជិកទាំងអស់ ក្នុងនោះរួមទាំងសិង្ហបុរីផងដែរ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បន្ទាប់ ពោលគឺឆ្នាំ២០២៦។

ក្រៅពីសិង្ហបុរី រដ្ឋ Victoria របស់អូស្ត្រាលីក៏បានប្រកាសដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ឆ្នាំ២០២៦ ដោយបានអះអាងថា ការចំណាយនៃគម្រោងនេះលើសពីការរំពឹងទុក៕