(បរទេស)៖ តៃវ៉ាន់ គឺជាមូលដ្ឋានផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោក និងទើបតែទទួលរងការវាយប្រហារដោយគ្រឿងរញ្ជួយដីដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។ ងាកមក ក្រុមហ៊ុនបន្ទះឈីបដ៏ធំ TSMC បានប្រកាសឲ្យដឹងថា បុគ្គលិកទាំងអស់របស់ខ្លួន គឺមានសុវត្ថិភាព ហើយអ្នកដែលត្រូវបានជម្លៀសខ្លួនអំឡុងពេលរញ្ជួយដី គឺបានចាប់ផ្តើមត្រឡប់ទៅរោងចក្រមួយចំនួនវិញហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

អ្នកនាំពាក្យ TSMC បាននិយាយថា ការដ្ឋានសំណង់មានលក្ខណៈធម្មតានៅពេលត្រួតពិនិត្យដំបូង ប៉ុន្តែក្រុមហ៊ុនបានសម្រេចចិត្តផ្អាកការងារនៅការដ្ឋានសម្រាប់រយៈពេលមួយថ្ងៃ។ តែយ៉ាងណា ខ្លួននឹងត្រួតពិនិត្យបន្ថែម ហើយថា TSMC នៅតែកំពុងវាយតម្លៃព័ត៌មានលម្អិតនៃផលប៉ះពាល់នៃការរញ្ជួយដីនេះ។ ក្រុមហ៊ុនផលិតបន្ទះឈីបបាននិយាយថា ខ្លួនបានជម្លៀសបុគ្គលិកមួយចំនួនចេញពីទីតាំងគ្រោះថ្នាក់ ដោយអនុវត្តន៍ តាមពិធីរក្សារសុវត្ថិភាពរបស់ក្រុមហ៊ុន។ ក្រោយហេតុការណ៍នេះភាគហ៊ុនរបស់ TSMC ក៏បានធ្លាក់ចុះ ១% ផងដែរ។

ទីក្រុង Hualien ជាតំបន់ភ្នំនៅបណ្តោយឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ ដែលជាចំណុចរំញ័រកណ្តាល នៃគ្រោះរញ្ជួយដីមានកម្រិត៧.៤រ៉ិចទ័រ និងជម្រៅជាង៣០គីឡូម៉ែត្រ។ ហេតុការណ៍រញ្ជួយផែនដីនេះ បានបណ្តាលឱ្យអគារជាច្រើនខ្នងនៅតៃវ៉ាន់ដួលរលំ ហើយជំរុញឱ្យប្រទេសជប៉ុននិងហ្វីលីពីន ដែលនៅក្បែរនោះ នាំគ្នាចេញការប្រកាសអាសន្នព្រមានពីរលកស៊ូណាមិផងដែរ មុនពេលពួកវាត្រូវបានដកចេញទៅវិញ។ បើតាមក្រុមមន្រ្តីតៃវ៉ាន់ វាគឺជាគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សសរុបប្រហែល២,៤០០នាក់ ធ្វើឱ្យវាជាប់ឈ្មោះជាព្រឹត្តិការណ៍ គ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃកោះតៃវ៉ាន់៕