(ប៊ែកឡាំង)៖ ក្រុមលេងមិនទាន់ចាញ់ Bayer 04 Leverkusen បានឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការដណ្តើមពានលំដាប់ទី២ អាល្លឺម៉ង់ German Cup 2023-2024 ក្រោយទម្លាក់គូប្រជែង Fortuna Dusseldorf ដោយលទ្ធផល ៤-០ បញ្ចប់វគ្គ ៤ក្រុមនាយប់មិញនេះ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Leverkusen ដែលដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Xabi Alonso នឹងប៉ះគូប្រជែង FC Kaiserslautern ដើម្បីដណ្តើមពាន German Cup ដែលនឹងធ្វើឡើងនៅកីឡដ្ឋានជាតិ Olympiastadion ស្ថិតក្នុងទីក្រុងប៊ែកឡាំង នារាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ការបំប៉ោងសំណាញ់ទីពីសំណាក់កីឡាករ Jeremie Frimpong និង Amine Adil ត្រឹមចាប់ផ្តើមលេងទើបបាន ២០នាទីផងនោះ បានជួយឱ្យក្រុមកំពូលតារាង Bundesliga មួយនេះ យកបានជ័យជម្នះដោយស្រួលក្នុងទឹកដីរបស់ខ្លួនទៅលើ Dusseldorf។

ជាមួយគ្នានោះ មិត្តរួមក្រុម Florian Wirtz ក៏ធ្វើបានសម្រេច ២គ្រាប់ម្នាក់ឯងផងដែរ និងជាគ្រាប់បាល់ចូលទីទី១៤ សម្រាប់គេផងដែរជាមួយ Leverkusen និងជម្រើសជាតិអាល្លឺម៉ង់នារដូវកាលនេះ។

នេះជាលើកដំបូងរបស់ Leverkusen ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ German Cup គិតចាប់តាំងពីឆ្នាំ២០២០ ដែលពួកគេបានបរាជ័យក្រោមថ្វីជើង Bayern Munich ៤-២ ក្នុងនាមជាម្ចាស់ជើងឯកពាននេះតែម្តងគត់កាលឆ្នាំ១៩៩៣ គ្រាដែល Dusseldorf ដែលកំពុងឈរលេខ៣ នៃក្របខណ្ឌទី២ នោះបានខកខានឱកាសឡើងផ្តាច់ព្រ័ត្រពាន DFB-Pokal (German Cup) ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៨០ មក៕