(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើការបង្គាប់ឱ្យ Apple អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone លុបកម្មវិធីរូបថត ឬ Photos App ចេញពីទូរស័ព្ទរបស់ពួកគេ ដែលជាផ្នែកមួយនៃច្បាប់ទីផ្សារឌីជីថល (DMA)។ នេះបើយោងតាមការចេញផ្សាយដោយ 9To5Mac នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

នេះគឺ ជាសុបិន្តដ៏អាក្រក់មួយទៀតរបស់ Apple ចាប់តាំងពីច្បាប់ទីផ្សារឌីជីថល (DMA) របស់សហភាពអឺរ៉ុបចូលជាធរមានកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា លទ្ធភាពនៃការលុប Photos App នេះ Apple ពុំធ្លាប់ទទួលបានដំណឹងនេះកន្លងមកនោះទេ ប៉ុន្តែបើតាមការលើកឡើងរបស់ប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបលោកស្រី Margrethe Vestager បានថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយថា «នេះគឺជារឿងដែល Apple បានបរាជ័យក្នុងការធ្វើការឆ្លើយតបទៅនឹង DMA របស់ខ្លួន ហើយច្បាស់ណាស់វានឹងពាក់ព័ន្ធនឹងការផ្លាស់ប្តូរដ៏ធំចំពោះរបៀបដែលប្រព័ន្ធប្រតិបត្តិការ iOS ដំណើរការ…»

យ៉ាងណាមិញជុំវិញបញ្ហានេះ ខាង Apple នៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ។ ដូចដែលបុរសបច្ចេកវិទ្យាដ៏ល្បីលោក John Gruber បានកត់សម្គាល់ថា គោលការណ៍ EU ថ្មីនេះ វានឹងពាក់ព័ន្ធនឹងការសរសេរឡើងវិញដ៏ធំនៃ iOS ដើម្បីគាំទ្រកម្មវិធីគ្រប់គ្រងរូបថតលំនាំដើមជំនួស។

គួរជម្រាបដែរថា ក្នុងនោះមានអ្នកវិភាគជាច្រើន រួមទាំងលោក Gruber បានបង្ហាញពីការយល់ឃើញរបស់ពួកគេថា វិសាលភាពនៃការទាមទាររបស់ EU អាចនឹងបណ្តាលឱ្យ Apple សម្រេចចិត្តឈប់លក់ iPhone និងផលិតផលផ្សេងទៀតរបស់ពួកគេនៅក្នុងប្រទេសជាមាជិករបស់សហភាពអឺរ៉ុប។ បើតាមតក្កវិជ្ជាដែលបានលើកឡើងគឺថា ជាមួយនឹងការផាកពិន័យជាសក្តានុពលរហូតដល់ ១០ភាគរយនៃប្រាក់ចំណូលសកល ហើយការលក់របស់សហភាពអឺរ៉ុបមានចំនួនប្រហែល ៧ភាគរយដូចគ្នា «វាអាចជាជម្រើស ដ៏ថោកទាបបំផុត»