(ម៉ាឌ្រីដ)៖ លោក Luis Rubiales អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ត្រូវបានប៉ូលិសឃាត់ខ្លួននៅថ្ងៃពុធម្សិលមិញ ជុំវិញប្រព្រឹត្តអំពើពុករលួយនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការចាប់ខ្លួននេះដែរ គឺធ្វើឡើងនៅពេលលោក Rubiales បានធ្វើដំណើរមកដល់ទីក្រុង Madrid ប្រទេសអេស្ប៉ាញ និងត្រូវបានដោះលែងវិញផងដែរ បន្ទាប់ពីសួរនាំរួចរាល់។

ការចាប់ខ្លួននេះត្រូវបានគេសង្ស័យថា លោក Luis Rubiales បានទទួលលុយកុំមីស្យុងខុសច្បាប់ (commission) ជុំវិញការចុះសន្យាមួយ ដើម្បីឱ្យមានការប្រកួតពានបើករដូវកាលលីគកំពូលអេស្ប៉ាញ Spanish Super Cup ធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គ្រាដែលក្រុមរដ្ឋអាជ្ញាក៏បានកំពុងកសាងសំនុំរឿង ដើម្បីចាប់បុរសវ័យ ៤៣ឆ្នាំរូបនេះ ដាក់គុក ២ឆ្នាំកន្លះដែរ បើទោះបីជាលោកតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងនេះក៏ដោយ។

ក្រោយពីការដោះលែងវិញនេះ លោក Rubiales ក៏ត្រូវតែមកបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍នេះបន្តទៀតដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិអេស្ប៉ាញ RTVE៕