(ភ្នំពេញ)៖ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានទម្លាយថា ពេលនេះ សហព័ន្ធបានទទួលជោគជ័យក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីង ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី (Asian Kickboxing Championship) ឆ្នាំ២០២៤។

ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ព្រឹត្តិការណ៍កីឡាឃីកបុកស៊ីងជើងឯកអាស៊ីនេះ នឹងរៀបចំនៅវិមានពហុកីឡដ្ឋានអូឡាំពិក នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ដោយមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ៤៨ប្រទេសចូលរួម។ ចំពោះព័ត៌មានលម្អិតសហព័ន្ធនឹងផ្សព្វផ្សាយនាពេលក្រោយ។

ក្នុងនាមសហព័ន្ធលោកបានសម្ដែងនូវមោទនភាពជាខ្លាំង ដែលដេញថ្លៃបានព្រឹត្តិការណ៍ Asian Kickboxing Championship មករៀបចំលើកដំបូងនៅកម្ពុជា ដើម្បីបង្ហាញពីសក្ដានុពលកីឡាឃីកបុកស៊ីងកម្ពុជា ដែលទើបកកើតថ្មីផង និងផ្សារភ្ជាប់ការផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ ដែលជាបុត្រសម្ព័ន្ធជាមួយគ្នាផង។

ទន្ទឹមជាមួយការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបនេះដែរ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ ពិសេសកីឡាករ-កីឡាការិនី ដោយសហព័ន្ធគ្រោងប្រើប្រាស់ធនធានកីឡាករគុនខ្មែរ មកកែច្នៃឲ្យត្រូវស្របតាមលក្ខខណ្ឌកីឡាឃីកបុកស៊ីង ដើម្បីទទួលស្វាគមន៍អត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗតែម្ដង។

គួរដឹងថា កីឡាឃីកបុកស៊ីង គឺជាប្រភេទកីឡាក្មេងខ្ចីមួយរបស់កម្ពុជា ដែលទើបបង្កើតសហព័ន្ធ កាលពីឆ្នាំ២០២០ តែបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ២លើកចុងក្រោយ ក៏ដូចជាការចូលរួមព្រឹត្តិការណ៍ Asian Kickboxing Championships 2022 នៅទីក្រុងបាងកក ប្រទេសថៃ ដែលក្រុមអត្តពលិកឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស២ ប្រាក់៥ និងសំរឹទ្ធ៥) ទៀតផង៕