(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មន្ទីរពេទ្យ សាន់វ៉េ មេឌីខល សេនធ័រ មកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន មេដគ្រីអេត បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើជាការិយាល័យតំណាងមន្ទីរពេទ្យ សាន់វ៉េ នៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការថែទាំសុខភាពប្រជាពលរដ្ឋកម្ពុជា។

ពិធីចុះអនុស្សារណៈនេះ ប្រារព្ធធ្វើឡើងនៅស្ថានទូតម៉ាឡេស៊ី រវាងលោកវេជ្ជបណ្ឌិត Khoo Chow Huat ប្រធានគ្រប់គ្រងមន្ទីរពេទ្យ សាន់វ៉េ មេឌីខល សេនធ័រ (Sunway Medical Centre) និងលោក រ័ត្ន សុចាន់ នាយកផ្នែកទីផ្សារអាជីវកម្មក្រុមហ៊ុន មេដគ្រីអេត (MedCREATE AA) ដោយប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី Nur Herzazzila Ghazali អនុប្រធានបេសកកម្មកាទូតម៉ាឡេស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក រ័ត្ន សុចាន់ បានឲ្យដឹងថា គោលបំណងនៃការចុះអនុស្សារណៈនេះ ដើម្បីពង្រឹងបន្ថែមទៅលើកិច្ចសហប្រតិបត្តិការ និងធ្វើជាការិយាល័យតំណាងមន្ទីរពេទ្យ សាន់វ៉េ ប្រចាំនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានជាក់លាក់ពិតប្រាកដដល់ប្រជាជនកម្ពុជា ក្នុងការទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ី។

លោកបន្តថា ក្នុងនាមជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិ មេដគ្រីអេត បានសម្រេចថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យ សាន់វ៉េ ដើម្បីធ្វើជាការិយាល័យតំណាងមន្ទីរពេទ្យ នៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានទាំងអស់របស់មន្ទីរពេទ្យទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាផ្តល់នូវជំរើសថែមទៀត អំពីគោលដៅកន្លងមក មានដូចជាប្រទេសិង្ហបុរី និងឥណ្ឌាជាដើម ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអតិថិជនគ្រប់ជាន់ថ្នាក់។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Khoo Chow Huat ប្រធានគ្រប់គ្រងមន្ទីរពេទ្យ សាន់វ៉េ មេឌីខល សេនធ័រ (Sunway Medical Centre) បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញឲ្យប្រជាជនកម្ពុជា មានភាពងាយស្រួលនៅពេលសម្រេចចិត្ត ថាទៅព្យាបាលនៅទីនោះ ដោយមានការិយាល័យតំណាងនៅកម្ពុជាក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងពិតប្រាកដ មិនថាតម្លៃ ឬសេវាកម្មផ្សេងៗ មុននឹងសម្រេចចិត្តទៅព្យាបាល។

លោកបានបញ្ជាក់ថា មន្ទីរពេទ្យ សាន់វ៉េ គឺជាមន្ទីរពេទ្យដ៏ធំមួយនៅម៉ាឡេស៊ី ដែលផ្តល់សេវាថែទាំសុខភាពជាច្រើនប្រភេទ ជាពិសេសខាងផ្នែកជំងឺមហារីក និងមានសម្ភារៈទំនើបៗជាច្រើនផ្សេងទៀត ក្នុងការព្យាបាលអ្នកជំងឺគ្រប់ប្រភេទ និងគ្រប់វ័យ ជាមួយក្រុមគ្រូពេទ្យជំនាញៗ។ លោកបានបន្ថែមថា គិតមកដល់ពេលនេះ មន្ទីរពេទ្យទទួលបានភ្ញៀវអន្តរជាតិចំនួនប្រមាណ ៦ពាន់នាក់ ដែលទៅព្យាបាលនៅម៉ាឡេស៊ី ក្នុងមកពីប្រទេសកម្ពុជាប្រមាណ ២០០នាក់៕

ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី ដែលមានការជួយសម្របសម្រួលដោយឥតគិតថ្លៃនោះ

សូមទំនាក់ទំនងមកកាន់ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិ MedCREATE ផ្ទាល់បានតាមរៈ 070 993 988 ទីតាំង៖ ផ្លូវលេខ #95 អាគារលេខ 78 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕