(មេនឆេស្ទើ)៖ កីឡាករស្នូកឃើលំដាប់លេខ១ ពិភពលោក Ronnie O’Sullivan បានឡើងទៅឈរចាំមុននៃវគ្គ ៤នាក់ចុងក្រោយនៃពានរង្វាន់ Tour Championship 2024 ជាបន្តទៀត បន្ទាប់ពីទម្លាក់គូប្រជែង Ali Carter ពីក្នុងវគ្គ ៨នាក់រួចមកនាយប់មិញនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Ronnie ដែលមានវ័យ ៤៨ឆ្នាំផងនោះ បានកំពុងព្យាយាមក្នុងការឈ្នះពាន Tour Championship ជាលើកទី៨ ក្នុងខែមេសានេះ នៅពេលរូបគេយកឈ្នះ មិត្តរួមជាតិ Carter ក្នុងលទ្ធផល ១០ទល់នឹង២ នៃការប្រកួតដែលមានដល់ទៅ ១៩សិតឯណោះ។

នេះជាការជួបគ្នាជាថ្មីម្តងទៀតសម្រាប់កីឡាករទាំងពីរ បន្ទាប់ពីជួបគ្នាម្តងរួចមកកាលផ្តាច់ព្រ័ត្រក្នុងពានកម្រិត Masters កាលខែមករា ឆ្នាំ២០២៤ ដោយត្រូវរង់ចាំកីឡាករជ័យជម្នះរវាង Gary Wilson ឬក៏ Zhang Anda ដែលត្រូវប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។

ជាមួយគ្នានោះ Ronnie ក៏អាចនឹងជួបជើងខ្លាំងមានដូចជា Judd Trump និង Mark Williams ផងដែរ ដែលពួកគេត្រូវលេងបញ្ចប់វគ្គ ៨នាក់ចុងក្រោយនៅរាត្រីនេះដែរ៕