(ខេបថោន)៖ កីឡាករបាល់ទាត់របស់អាហ្វ្រិកខាងត្បូង Luke Fleurs ត្រូវបានបាញ់សម្លាប់ ក្នុងហេតុការណ៍ប្លន់រថយន្ត។ នេះបើតាមការបញ្ជាក់ពីប៉ូលិស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC ននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

ហេតុការណ៍បាញ់សម្លាប់នេះគឺបានកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងកាលពីយប់ថ្ងៃពុធ នាទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង។

​កីឡាករវ័យ ២៤ឆ្នាំរូបនេះ ដែលបានកំពុងលេងឱ្យក្លិបអាហ្វ្រិកខាងត្បូង Kaizer Chiefs ត្រូវបានបាញ់ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដោយបានប្រាប់ឱ្យលោកចេញពីរថយន្ត។

«ជនសង្ស័យបានភ្ជង់កាំភ្លើង និងទាញគាត់ចេញពីរថយន្ត ក្រោយមកបានបាញ់គាត់ ១គ្រាប់ចំដើមទ្រូង»។ អ្នកនាំពាក្យប៉ូលិសខេត្ត Gauteng បានប្រាប់។

សូមជម្រាបថា Kaizer Chiefs ដែលជាក្លិបមួយ ក្នុងចំណោមក្លិបដែលមានប្រជាប្រិយភាពបំផុតនៅអាហ្វ្រិកខាងត្បូង និងធ្លាប់លើកពានរង្វាន់ក្នុងស្រុក ចំនួន ១២លើកនោះ បានចាត់ទុកការស្លាប់របស់លោកគឺជា «សោកនាដកម្ម»។

​ខ្សែការពារ Fleurs ជាអតីតកីឡាករក្នុងឈុត U-23 បានលេងឱ្យអាហ្វ្រិកខាងត្បូងនៅព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ២០២១។ លោកមិនធ្លាប់លេងឱ្យក្រុមជម្រើសជាតិឈុតធំនោះទេ ប៉ុន្តែត្រូវបានគេរាយការណ៍ថា ជិតនឹងបង្ហាញខ្លួនជាលើកដំបូងទៅហើយ៕