(ភ្នំពេញ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង បានជ្រើសរើសយុវជនស្ម័គ្រចិត្តកម្ពុជា ៨រូប ដើម្បីចូលរួមបំពេញការងារជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នាខែកក្កដាខាងមុខ ដ្បិតយុវជនកម្ពុជាទាំង ៨រូប សុទ្ធតែជាអតីតយុវជនស្ម័គ្រចិត្តស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការជ្រើសរើសនេះ បន្ទាប់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស មើលឃើញពីបទពិសោធន៍ការងាររបស់យុវជនកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អ និងជោគជ័យ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះសបញ្ជាក់ឲ្យឃើញថា យុវជនស្ម័គ្រចិត្ត ដែលជាផ្នែកមួយនៃជោគជ័យជាប្រវត្តិសាស្ដ្រ បន្សល់ទុកនូវមរតកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដ៏អស្ចារ្យ បានជ្រាបដល់ព្រឹត្តិការណ៍អូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាពិភពលោក ៤ឆ្នាំថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា យុវជនកម្ពុជាទាំង ៨រូប ពិតជាមានសំណាងណាស់ ដែលមានឱកាសចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម។ ការខិតខំប្រឹងប្រែងធ្វើជាអ្នកស្ម័គ្រចិត្ត ក្នុងកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម រហូតបានបន្ដទៅធ្វើអ្នកស្ម័គ្រចិត្តនៅកីឡាអូឡាំពិកនេះ គឺជាបទពិសោធន៍មួយដ៏សំខាន់ក្នុងអាជីពការងារ ហើយល្អមែនទែន សម្រាប់អនាគតរបស់ពួកគេ នឹងទទួលការងារធ្វើល្អៗ តាមរយៈបទពិសោធន៍ដ៏កម្រនេះ។

ប្រតិបត្តិករកីឡាឆ្នើមរបស់កម្ពុជាដដែលបន្ដថា «ក្នុងនាមជាអ្នកតំណាងគណៈគម្មាការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូមជំរុញ និងលើកទឹកចិត្តបន្ថែម ហើយនឹងធ្វើការជាមួយយុវជនស្ម័គ្រចិត្តរបស់យើងទាំង ៨រូប ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងបំពេញការងារនេះតំណាងឲ្យប្រទេសជាតិរបស់យើងផង និងចែករំលែកនូវអរិយធម៌ខ្មែរ ទៅលើឆាកអន្តរជាតិ នៅក្នុងព្រឹត្ត៏ការណ៍កីឡាដ៏ធំប្រចាំពិភពលោក ៤ឆ្នាំម្ដងនេះផង»

យោងតាមការផ្សព្វផ្សាយរបស់គណៈកម្មាធិការអូឡាំពិកកម្ពុជា សម្រាប់អតីតយុវជនស្ម័គ្រចិត្តស៊ីហ្គេមកម្ពុជា ទាំង ៨រូប ដែលបានជ្រើសរើសទៅបំពេញការងារជាអ្នកស្ម័គ្រចិត្តអូឡាំពិកប៉ារីស នាចុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស នឹងរ៉ាប់រងទាំងស្រុងលើការចំណាយ ទាំងការស្នាក់នៅ ហូបចុក សំបុត្រយន្តហោះ មុនពេលព្រឹត្តិការណ៍ចាប់ផ្ដើម និងបញ្ចប់ រួមជាមួយការឧបត្ថម្ភប្រាក់កម្រៃជាការលើកទឹកចិត្តដល់ពួកគេទៀតផង៕