(ម៉ាឌ្រីដ)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal បានបន្តខ្លួនចេញពីកម្មវិធី Monte Carlo Master 2024 ទៀតនៅប្រទេសបារាំង ដោយសារតែបញ្ហារបួសត្រគាករបស់លោកមិនទាន់ជាសះស្បើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

អតីតកីឡាករឆ្នើមលំដាប់ពិភពលោកខាងលើនេះ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X របស់ខ្លួនថា «ស្ថានភាពរាងកាយរបស់ខ្ញុំ មិនទាន់ត្រឡប់មកដូចធម្មតាវិញនៅឡើយ ជាហេតុធ្វើឱ្យខ្ញុំមិនអាចចូលរួម Monte Carlo Master បាន។ តើអ្នកដឹងទេ វាពិតជាលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ដែលអវត្តមានពីកម្មវិធីនេះ»

តួយ៉ាង Nadal បានធ្វើតេស្តបញ្ហារបួសត្រគាករបស់ខ្លួន តាមរយៈចូលរួមប្រកួតក្នុងកម្មវិធីតាំងពិព័រណ៍មួយទល់នឹងកីឡាករ Carlos Alcaraz កាលពីខែមុន តែសម្រេចជាលទ្ធផល នៅតែមិនអាចប្រកួតជាលក្ខណៈ អាជីព បាន នៅ ឡើយ។

នៅចាំបានថា Nadal វ័យ ៣៧ឆ្នាំ បានរង់ចាំអស់យ៉ាងយូរ និងបានចូលរួមក្នុងព្រឹត្តិការណ៍ Brisbane International នាអំឡុងខែមករា ឆ្នាំ២០២៤ ក្នុងការត្រៀមលក្ខណៈសម្បតិ្ត ដើម្បីលេងពានធំនៃកម្រិត Grand Slam គឺ Australian Open នៅប្រទេសអូស្រា្តលី មុនពេលបន្តដកខ្លួនចេញដដែល ដោយសាររបួសចាស់រើឡើងវិញរហូតដល់ពេលនេះ៕