(ឡុងដ៏)៖ ក្រុមដឹកនាំដោយលោក Jurgen Klopp ហង្សក្រហម Liverpool បានឡើងទៅឈរនាំមុខកំពូលតារាងវិញ ក្រោយយកឈ្នះក្រុម Sheffield United ៣-១ ខណៈក្រុមតោខៀវ Chelsea វាយបកយកឈ្នះក្រុមបិសាចក្រហម Manchester United ៤-៣ ពីការស៊ុតរបស់ Cole Palmer ក្នុងលីគអង់គ្លេស Premier League ប្រចាំសប្តាហ៍ទី៣០ របស់ពួកគេ។

លោក Jurgen Klopp បានបង្ហាញការកោតសរសើរចំពោះកីឡាករ Alexis Mac Allister ដែលបង្ហាញការស៊ុត ១គ្រាប់ចូលទីពីចំងាយបានយ៉ាងល្អនៅនាទី៧៦ ថាជា «គ្រាប់បាល់អច្ឆរិយៈ» ដែលបានជួយ Liverpool បើកការនាំមុខវិញលើក្រុម Sheffield United ក្រោយពេលការខាតបង់ ១គ្រាប់ទៅឱ្យ Sheffield United ក៏ព្រោះតែកីឡាករ Bradley ធ្វេសប្រហែសធ្វើចូលទីខ្លួនឯងនៅនាទី៥៨ បន្ទាប់ពីមិត្តរួមក្រុម Darwin Nunez រកបាននៅនាទី១៧ ។

ពេលដែលគ្រាប់ទី៣ ធ្វើបានដោយ Cody Gokpo នៅនាទី៩០ នាំក្រុម Liverpool បន្តការប្រជែងដណ្តើមពានរង្វាន់ Premier League រដូវកាលនេះ ជាមួយការឡើងទៅឈរលេខ១ រកបាន ៧០ពិន្ទុ នាំមុខកាំភ្លើងធំ Arsenal ២ពិន្ទុ និងក្រុម Man City ៣ពិន្ទុ។

ដោយឡែកក្រុមតោខៀវ Chelsea បានវាយបកនៅនាទីចុងម៉ោងយកឈ្នះក្រុមបិសាចក្រហម Manchester United ៤-៣ ក្នុងប្រកួតជើងទី២ នេះ ពីការប្រកួតយ៉ាងស្វិតស្វាញដែលមានការស៊ុតគ្នាទៅវិញទៅមក ជាមួយកីឡាករ Cole Palmer រកបាន ៣គ្រាប់ម្នាក់ឯង ដោយមាន ២គ្រាប់កើតឡើងនៅនាទី៩០+១០ និងនាទី៩០+១១ ក្លាយជានាទីរកបានគ្រាប់ស៊ុតបញ្ចូលទីប្រវត្តិសាស្ត្រមួយនៅ Premier League ។ ខណៈកីឡាករ Garnacho ក៏រកបាន ២គ្រាប់ឱ្យ Man United ផងដែរ។

បញ្ជាប់ផងថា ក្រុម Liverpool ប្រកួតបន្ទាប់ប៉ះក្រុម Man United ក្នុងការប្រជែងតំណែងនាំមុខកំពូលតារាងនេះ ហើយក្រុម Chelsea ប៉ះក្រុមបាតតារាង Sheffield United ៕