(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ស្វាគមន៍ជាថ្មីក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងជំនួបមិត្តភាពអន្ដរជាតិនាថ្ងៃទី០៧ ខែមីថុនា ឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពីក្រុមទាំងពីរ បានរងបរាជ័យ ២ប្រកួតដូចគ្នា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series កាលពីចុងខែមីនាកន្លងទៅ។

នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិក្នុងដីលើកដំបូងសម្រាប់ឆ្នាំ២០២៤ របស់ក្រុមជម្រើសជាតិកម្ពុជា ហើយក៏ជាការប្រកួតដំបូង សម្រាប់ពហុកីឡដ្ឋានជាតិ ដែលទើបបំពាក់កៅអីមានបង្អែកថ្មី ស្របតាមស្ដង់ដារ និងគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ផងដែរ។

មុនជួបគ្នានាដើមខែមិថុនាខាងមុខ ក្រុមទាំងពីរសុទ្ធតែបានចូលរួមប្រកួតមិត្តភាពអន្ដរជាតិ FIFA Series ដែលរៀបចំដោយ FIFA ខណៈ ២ប្រកួតរបស់គោព្រៃកម្ពុជា គឺបានចាញ់ក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក ២-០ និងចាញ់ក្រុមជម្រើសជាតិហ្គីយ៉ាន មកពីតំបន់អាមេរិកខាងត្បូង ៤-១។

ចំណែក ២ប្រកួតរបស់ក្រុមមកពីអាស៊ីខាងកើត ម៉ុងហ្គោលី គឺបានចាញ់ក្រុមជម្រើសជាតិតង់ហ្សានី មកពីអាហ្វ្រិកខាងកើត ១-០ និងចាញ់ក្រុមជម្រើសជាតិអាស៊ែបៃហ្សង់ ដែលជាប្រទេសមួយស្ថិតនៅចំចំណុចកណ្តាលរវាងតំបន់អឺរ៉ុបខាងកើត និងតំបន់អាស៊ីខាងលិច ដោយលទ្ធផល ៣-០។

ក្រឡេកទៅចាប់អារម្មណ៍ចំណាត់ថ្នាក់ពិភពលោក គិតត្រឹមដើមខែមេសានេះ កម្ពុជាបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៧៩ គ្រាដែលគូប្រជែងម៉ុងហ្គោលី បានធ្លាក់មកឈរលេខរៀងទី១៩១ បន្ទាប់ពីក្រុមទាំងពីរបានចាញ់ ២ប្រកួតជាប់ៗគ្នានៅ FIFA Series 2024 រួចមក៕