(មេនឆេស្ទើ)៖ កីឡាករស្នូកឃើ Mark Williams បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Tour Championship 2024 នៅអង់គ្លេសជាបន្តទៀត ក្រោយពេលយកឈ្នះគូប្រជែង Judd Trump នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងការប្រកួតបញ្ចប់វគ្គ ៨នាក់ចុងក្រោយ នៅទីលានដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសនោះ Williams រកបានជ័យជម្នះ ៦សិតជាប់គ្នា ក្នុងចំណោម ៧សិតដែលនៅសល់ពីលទ្ធផលផ្លូវការ ១០ទល់នឹង៤ ក្នុងការឈានទៅវគ្គ ៤នាក់ចុងក្រោយ Tour Championship ជាលើកដំបូងផងដែរ។

តាមរយៈជ័យជម្នះទៅលើជើងខ្លាំង Trump ដែលឈរនៅតារាងចំណាត់ថ្នាក់លេខ២ ពិភពលោកនេះ បានធ្វើឱ្យបុរសសញ្ជាតិវ៉េល វ័យ ៤៩ឆ្នាំ Williams នឹងត្រូវប៉ះគូប្រជែង Mark Allen ក្នុងការស្វែងរកកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះដែរ។

សម្រាប់ឯ ១ប្រកួតទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺជាការជួបគ្នារវាង Gary Wilson និងកីឡាករលំដាប់លេខ១ ពិភពលោកគឺ Ronnie O’Sullivan ដ្បិត Wilson ទើបបានយកឈ្នះកីឡាករចិន Zhang Anda ដោយលទ្ធផល ១០-៨សិត នាយប់មិញនេះ៕