(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon បាននិយាយថា ខ្លួនកំពុងកាត់បន្ថយបុគ្គលិករាប់រយនាក់នៅក្នុងអង្គភាពកុំព្យូទ័ររបស់ខ្លួនគឺ Amazon Web Services (AWS) ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រ។ តាមការបញ្ជាក់ វានឹងប៉ះពាល់ដល់តួនាទីជាច្រើន ជាពិសេសនៅក្នុងផ្នែកលក់ ទីផ្សារ និងសេវាកម្មសកលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យ Amazon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ គឺពិតជាពិបាក ប៉ុន្តែវាចាំបាច់ យោងទៅតាម AWS ដោយសារតែក្រុមហ៊ុននៅតែបន្តវិនិយោគ និងបង្កើនប្រសិទ្ធភាពធនធាន ដើម្បីផ្តល់នូវការច្នៃប្រឌិតសម្រាប់អតិថិជនរបស់ខ្លួន។ ជាងនេះទៅទៀត Amazon នឹងមិនបោះបង់បុគ្គលិកដែលរងការបញ្ឈប់ពីការងារនោះទេ ដោយក្រុមហ៊ុននឹងព្យាយាមស្វែងរកឱកាសផ្ទៃក្នុងផ្សេងទៀត សម្រាប់ពួកគេ។

ប្រភពបានបង្ហើបឱ្យដឹងថា ការកាត់បន្ថយ នេះទំនងជាដោយសារតែការផ្លាស់ប្តូរកត្តាសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងការកើនឡើងនៃបញ្ញាសិប្បនិមិត្ត ដោយសារតែ AWS បាននឹងកំពុងសម្របខ្លួនទៅនឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់អតិថិជន បន្ទាប់ពីការកើនឡើងនៃការចំណាយលើ Cloud IT អំឡុងពេលជំងឺរាតត្បាត។

តែយ៉ាងណាមកដល់ពេលនេះ ក្រុមហ៊ុន Amazon នៅមិនទាន់បញ្ជាក់លម្អិតនោះទេ ថាតើនឹងមានចំនួនបុគ្គលិកសរុបជាក់ស្តែកប្រហែលប៉ុន្មានរយនាក់ឱ្យពិតប្រាកដ ដែលនឹងរងផលប៉ះពាល់ក្នុងជុំបញ្ឈប់លើកនេះ។

គួរជម្រាបដែរថា គិតចាប់តាំងពីចុងឆ្នាំ២០២២ និងបន្តរហូតដល់ឆ្នាំ២០២៣ កន្លងទៅក្រុមហ៊ុន Amazon បានបញ្ឈប់បុគ្គលិកច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងចំនួនសរុប ២៧,០០០នាក់នៅទូទាំងពិភពលោក។ រហូតមកដល់ពេលនេះ Amazon បានបញ្ឈប់បុគ្គលិកនៅក្នុងអង្គភាពរបស់ខ្លួនរួមមាន Twitch, Audible, Buy with Prime, និង Prime Video និង MGM Studios ជាដើម៕