(ប៉ារីស)៖ រុស្ស៊ីបានកំពុងបង្កើតយុទ្ធនាការបង្កាច់បង្ខូចព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ Summer Olympics Games ដែលប្រទេសបារាំងត្រៀមធ្វើម្ចាស់ផ្ទះនាខែកក្កដា ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមការថ្លែរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក Macron ត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរនាអំឡុងលោកបានចូលរួមក្នុងកម្មវិធីមួយរបស់សហព័ន្ធហែលទឹកថាតើ អត្តពលិករុស្ស៊ី នឹងចូលរួម Paris 2024 ឬយ៉ាងណា?

លោកបានឆ្លើយថា «គ្មានការសង្ស័យឡើយ គឺគ្មានតែម្តង សូម្បីតែនៅកន្លែងផ្តល់ព័ត៌មានទៀតផង»

លោក Macron បានបញ្ជាក់បន្ថែមថា «រាល់ថ្ងៃនេះ រុស្ស៊ីបានបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីវាយប្រហារអូឡាំពិក និងបានលើកឡើងថា ពួកយើងគ្មានលទ្ធភាពក្នុងការរៀបចំបានល្អ ដែលនឹងអាចធ្វើហ្គេមនេះ មានហានិភ័យទៀតផង»

ថ្មីៗកន្លងមកនេះ រដ្ឋាភិបាលបារាំងក៏ធ្លាប់និយាយថា រុស្ស៊ីបានចាប់ផ្តើមបង្កើតព័ត៌មានវាយប្រហារបារាំង តាមរយៈការបង្កើតអាខោនក្លែងក្លាយបង្ហោះព័ត៌មានបង្កាច់បង្ខូចបារាំងនៅលើបណ្តាញសង្គមជុំវិញព័ត៌មានមិនពិតផ្សេងៗទាក់ទងនឹងកីឡាអូឡាំពិក បន្ទាប់ពីបារាំងមានផែនការបន្លឿនក្នុងការបញ្ជូនកងទ័ពទៅទីក្រុងគៀវ ដើម្បីជួយអ៊ុយក្រែនពីការឈ្លានរបស់រុស្ស៊ី៕