(ភ្នំពេញ)៖ កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា សាលារៀនវ៉េស្ទឡាញន៍ ធ្លាប់បើកដំណើរការនៅក្រុងតាខ្មៅនេះ។ ប៉ុន្តែ ការពិតសាលាទាំងនោះគ្រាន់តែមានឈ្មោះ និងពណ៌អត្តសញ្ញាណស្រដៀងគ្នានឹងសាលារៀនវ៉េស្ទឡាញន៍តែប៉ុណ្ណោះ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍ «សាខាទី១១ ទើបតែបង្ហាញវត្តមានជាលើកទី១ របស់ខ្លួននៅក្រុងតាខ្មៅ ក្នុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព និងកម្មវិធីល្អប្លែក ក៏ដូចជាឆ្លើយតបនឹងការគាំទ្រលើសេវាកម្មអប់រំពីសំណាក់មាតាបិតា និងសិស្សានុសិស្ស»។

សូមជម្រាបថា គិតចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ សាលារៀនវ៉េស្ទឡាញន៍មានអាយុកាល១៦ឆ្នាំមកហើយ និងមានចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សចាប់ពីកុមារ ដល់យុវជនជាង១០ម៉ឺននាក់ ព្រមទាំងមានទីតាំងចំនួន ១២សាខា ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ សិស្សកំពុងសិក្សាចំនួន១៤ ០០០នាក់ និងបុគ្គលិកចំនួនជាង១៤០០នាក់។

លោកឧកញ៉ា បានឲ្យដឹងទៀតថា សាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងតាខ្មៅ គឺជាសាលាចុងក្រោយដែលរៀបចំធ្វើកំណែទម្រង់កម្មវិធីសិក្សា ផ្តោតទៅលើការបង្រៀនភាសាចំនួន៣ជាគោល គឺភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ព្រមទាំងបញ្ចូលចំណេះដឹងបច្ចេកវិទ្យានិងឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះសិស្សឱ្យចេះចូលរួមក្នុងការអភិវឌ្ឍសហគមន៍ និងការអប់រំសីលធម៌ពលរដ្ឋ ចរិយាសម្បទា ស្របទៅនឹងការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាមិនត្រឹមតែមានចំណេះដឹងមានសមត្ថភាព ក៏ប៉ុន្តែក៏ត្រូវមានគុណធម៌ សីលធម៌ និងឥរិយាបទល្អ។

ចំពោះទីតាំងថ្មីនេះ ផ្តល់ជូនសេវាកម្មអប់រំដែលមានគុណភាពល្អប្លែកដូចជា កម្មវិធីពេញមួយថ្ងៃសម្រាប់បឋមសិក្សា ៣ភាសា (ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន) កម្មវិធីអប់រំ និងថែទាំកុមារ (អាយុ១-២ឆ្នាំ) កម្មវិធីមត្តេយ្យភាសាអង់គ្លេស (អាយុ៣-៥ឆ្នាំ) កម្មវិធីអង់គ្លេសសម្រាប់កុមារ (អាយុ៦-១២ឆ្នាំ) កម្មវិធីភាសាចិនសម្រាប់កុមារ (អាយុ៦-១២ឆ្នាំ) កម្មវិធីភាសាចិនទូទៅ កម្មវិធីពេញម៉ោងភាសាអង់គ្លេស កម្មវិធីក្រៅម៉ោងភាសាអង់គ្លេស កម្មវិធីមត្តេយ្យភាសាខ្មែរ និងកម្មវិធីចំណេះទូទៅខ្មែរ (ថ្នាក់ទី១ ដល់ទី១២)។

លើសពីនេះទៅទៀត សាលារៀនក៏យកចិត្តទុកដាក់លើការអភិវឌ្ឍបំណិនសតវត្សទី២១ ដោយបញ្ចូលកម្មវិធីសិក្សាអមចំនួន៣ រួមមាន ទី១ កម្មវិធីបណ្តុះបណ្តាលទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម នាំមកពីសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់លើការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិយាម្បទា។ ទី២ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុMoneyTree មកពីប្រទេសសិង្ហបុរី ដែលជួយជំរុញនិងបណ្តុះបណ្តាលចំណេះដឹងសេដ្ឋកិច្ច ចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព។ ទី៣ ការបណ្តុះបំណិនកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល ដែលជាកម្មវិធីសិក្សាមួយថ្មីបន្ថែមទៀត មកពីចក្រភពអង់គ្លេស ដើម្បីបង្កើនសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាបំពេញការងារក្នុងពេលអនាគតផងដែរ។

ក្រៅពីសេវាកម្មអប់រំខាងលើ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ដើម្បីងាយស្រួលគ្រប់គ្រងនិងតាមដានព័ត៌មានសិក្សាផងដែរ។

ទន្ទឹមនឹងនោះ សាលារៀនបានសហការជាមួយគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេសជាច្រើន ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើម និងជួយសម្រួលការរៀបចំឯកសារដល់សិស្សដែលមានគោលបំណងបន្តការសិក្សានៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងជាបុត្រសម្ព័ន្ធមួយរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប។ សាលារៀនមានចំនួន១២ទីតាំង៖ ១.សាខាសន្ធរម៉ុក ២.សាខាទួលទំពូង ៣.សាខាច្បារអំពៅ ៤.សាខាទួលសង្កែ ៥.សាសាទួលស្វាយព្រៃ ៦.សាខាដូនពេញ ៧.សាខាចំការដូង ៨.សាខាព្រែកលៀប ៩.សាខាភ្នំពេញថ្មី ១០.សាខាចំការសំរោង(ខេត្តបាត់ដំបង) ១១.សាខាក្រុងតាខ្មៅ(ខេត្តកណ្តាល) ១២.សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ)

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ជាស្ថាប័នឯកជនដែលសេវាកម្មចំណុះ៖ សាលារៀនវ៉េស្ទឡាញន៍ ១២សាខា សាលារៀនណត្សឡាញន៍ ២សាខា សាលាអន្តរជាតិហ្វររ៉េសហៀល ១សាខា សាលាភាសាលែដឺលែន ២សាខា សាលារៀនសហគមន៍២១ ៧សាខា និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា៕