(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសម្ពោធ និងដាក់ដំណើរការជាផ្លូវការ នូវកម្មវិធីបញ្ជាទិញផលិតផលនៅលើទូរស័ព្ទដៃ «Phum Electronics e-Commerce Mobile Application» ដែលជាដំណោះស្រាយថ្មីសំរាប់អតិថិជនដែលមានតម្រូវការ និងម្ចាស់អាជីវកម្មចែកចាយគ្រឿងអេឡិចត្រូនិកនៅកម្ពុជា។

ភូមិអេឡិចត្រូនិច នឹងក្លាយជាបណ្តុំផ្សារអេឡិចត្រូនិក នៅក្នុងប្រព័ន្ធឌីជីថលធំជាងគេ ព្រោះកម្មវិធីនេះនឹងមានចែកចាយផលិតផលអេឡិចត្រូនិកចម្រុះម៉ាក បូករួមទាំងប្រភេទគ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ប្រភេទអាជីវកម្ម បរិក្ខាត្រជាក់ សម្ភារៈកីឡា សម្ភារៈកំសាន្តសំរាប់កុមារ ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទទៀត។

​សមិទ្ធផលថ្មីនេះនឹងជួយសម្រួលដល់ប្រតិបត្តិការបញ្ជារទិញរបស់អតិថិជន និងការចែកចាយផលិតផលរបស់ដៃគូអាជីវកម្ម ដែលបានដាក់លក់នៅលើ App នេះកាន់តែងាយស្រួល និងចំណេញពេលវេលា រីឯការទូទាត់សាច់ប្រាក់បានលឿន និងត្រឹមត្រូវ។

ឧកញ៉ា សុខ ពិសិដ្ឋ ​នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា គំនិតផ្តួចផ្តើមបង្កើតកម្មវិធី «ភូមិអេឡិចត្រូនិក»ឡើង គឺដើម្បីចង់​ជំរុញការផលិតផលអេឡិចត្រូនិកដែលលមានលក់នៅលើទីផ្សារ និងមានតម្រូវការចាំបាច់នៅជិតអតិថិជនបំផុត។
លោកបន្ថែមថា លើសពីនេះទៀតនោះកម្មវិធី «ភូមិអេឡិចត្រូនិក» បានរចនាឡើងដោយផ្តោតសំខាន់ ៤ចំណុចធំៗ៖
១. ផ្តល់ភាពងាយស្រួល៖ អ្នកប្រើប្រាស់អាចទិញទំនិញពីគ្រប់ទិសទី គ្រប់ពេល​ តាមរយៈកម្មវិធី e-commerce នេះ ថែមទាំងជួយសន្សំសំចៃថវិកា​ និងពេលវេលា បើប្រៀបធៀបទៅនឹងការធ្វើដំណើរទៅកាន់ហាងលក់ទំនិញ។

២. ការជ្រើសរើសកាន់តែទូលំទូលាយ៖ ហាងអនឡាញអាចផ្តល់ជូននូវជម្រើសផលិតផលច្រើនជាងហាងដែលដាក់តាំងផលិតផលនៅខាងក្រៅព្រោះវាមិនបានកំណត់ទំហំ ឬទីតាំងនោះទេ។ ដូច្នេះវានឹងផ្តល់ជម្រើសសម្បូបែបសំរាប់អតិថិជនងាយស្រួលស្វែងរកផលិតផលដែលពួកគេត្រូវការចាំបាច់ពិតប្រាកដ។

៣. តម្លៃសមរម្យ៖ ជាទូទៅអាជីវកម្មតាមប្រព័ន្ធឌីជីថល តែងផ្តល់តម្លៃទាបជាងហាងលក់ផលិតផល នៅខាងក្រៅព្រោះម្ចាស់អាជីវកម្ម ពុំសូវចំណាយលើប្រតិបត្តិការនានា ការជួលអាគារ ឬបុគ្គលិកនោះទេ ប៉ុន្តែវាបានផ្តល់នូវការលក់បានច្រើន និងលក់បានគ្រប់ទិសទី និងទីកន្លែង។ ម្យ៉ាងវិញទៀតអ្នកប្រើប្រាស់ ក៏អាចធ្វើការប្រៀបធៀបតម្លៃបានយ៉ាងងាយស្រួល រវាងហាងនីមួយៗដែលបានដាក់លក់នៅក្នុងApp។

៤. ព័ត៌មានអំពីផលិតផលច្បាស់លាស់៖ កម្មវិធី «ភូមិអេឡិចត្រូនិក» ផ្តល់ព័ត៌មានលម្អិតអំពីផលិតផលនីមួយៗ រួមទាំងមុខងារ បច្ចេកវិទ្យា និងការវាយតម្លៃ ដាក់ពិន្ទុពីអតិថិជនដែលធ្លាប់ទិញផលិតផលប្រភេទនោះ ហើយជាជំនួយដល់លោកអ្នក ក្នុងការសម្រេចចិត្តបញ្ជាទិញផលិតផលបានត្រឹមត្រូវ។

កម្មវិធីលក់ផលិតផលអេឡិចត្រូនិចនៅលើទូរស័ព្ទដៃ «ភូមិអេឡិចត្រូនិក» លើសពីកម្មវិធីApp ធម្មតា ព្រោះវាបានផ្តល់អាទិភាពសំខាន់សំរាប់ដៃគូអាជីវកម្មដែលលក់ផលិតផលនៅក្នុងកម្មវិធីនេះដោយពួកគេអាចគ្រប់គ្រងផលិតផលនៅក្នុងហាង ប្រតិបត្តិការលក់ និងទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់ ធ្វើបច្ចុប្បន្នភាពផលិតផល និងព័ត៌មានបានដោយខ្លួនឯង ដោយមិនចាំបាច់ទំនាក់ទំនងទៅកាន់ក្រុមការងារ «ភូមិអេឡិចត្រូនិក» នោះទេ។

លោក ហ៊ ធីឡា នាយកគ្រប់គ្រងផ្នែកលក់រាយនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «សមិទ្ធផលថ្មីរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបញ្ជាទិញផលិតផលអេឡិចត្រូនិកតាមបែបឌីជីថល ហើយផ្តល់ជម្រើសច្រើនសំរាប់អតិថិជនព្រោះយើងមានដៃគូច្រើនដែលបានដាក់លក់នៅក្នុងកម្មវិធីនេះ។ ដូច្នេះជួយឱ្យអតិថិជនចំណេញពេលវេលា ថវិកា ហើយបញ្ជាទិញបានលឿន»

លោកបន្ថែមថាដោយឡែកដៃគូអាជីវកម្មដែលដាក់លក់នៅក្នុងកម្មវិធី «ភូមិអេឡិចត្រូនិក» ក៏ងាយស្រួលក្នុងការលក់ផងដែរព្រោះអាចលក់បានគ្រប់ទីកន្លែង អាចសិក្សាអំពីប្រភេទផលិតផលដែលអតិថិជនមានត្រូវការខ្លាំង ថែមទាំងចំណេញទាំងពេលវេលា និងថវិកា​លើការជួលអាគារ ឬបុគ្គលិក។ លើសពីនេះទៀតនោះក្រុមហ៊ុន ជីហ្គៀ គ្រុបក៏មានដៃគូសហការលើប្រតិបត្តិការដឹកជញ្ជូនផងដែរក្នុងករណីដៃគូអាជីវកម្មមិនមានសេវាដឹកជញ្ជូនផ្ទាល់ខ្លួន។

លោក ឃុន បូរី ប្រធានគ្រប់គ្រង់ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ឃូណា ​បានលើកឡើងថា ការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុបដោយលោកមើលឃើញពីឱកាសពង្រីកទីផ្សារលក់ម៉ាស៊ីនឆុងកាហ្វេរបស់ខ្លួនបានកាន់តែទូលំទូលាយ និងឆ្លើយតបតាមតម្រូវការរបស់អតិថិជនបានលឿន ព្រោះក្រុមហ៊ុននេះជាក្រុមហ៊ុនធំមួយក្នុងវិស័យអេឡិចត្រូនិកដែលមានប្រព័ន្ធគ្រប់គ្រងផលិតផលច្បាស់លាស់ ប្រតិបត្តិការបានល្អ និងមានទស្សនៈវិស័យវែងឆ្ងាយ។

លោកបន្ថែមថាកម្មវិធី «ភូមិអេឡិចត្រូនិក» ​ជាកម្មវិធីមួយដែលមានការរចនាស្អាត ងាយស្រួលប្រើសំរាប់អតិថិជន មានការបែងចែកផលិផលតាមប្រភេទនីមួយៗ ហើយជាអេបដែលមានលក់គ្រឿងអេឡិចត្រូនិចសុទ្ធ។

បន្ថែមលើនេះទៀតនោះ «ភូមិអេឡិចត្រូនិច» ក្លាយជាមធ្យោបាយមួយដ៏មានសក្តានុពលទាំងអ្នកប្រើប្រាស់ជាដៃគូអាជីវកម្ម អតិថិជន និងទាំងអ្នកផ្តល់សេវាកម្ម និងផ្តល់ជាជម្រើសកាន់តែទូលំទូលាយសំរាប់ភាគីទាំង៣។ មិនតែប៉ុណ្ណោះវានឹងក្លាយជាកម្មវិធីក្នុងស្រុកមួយដែលជួយផ្តល់ដំណោះស្រាយផ្នែកឌីជីថល ទីផ្សារ ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំភាយឧស្ម័នក្នុងបរិស្ថាន និងជាពិសេសទៀតនោះជួយសន្សំសំចៃពេវេលា និងថវិការដល់ប្រជាពលរដ្ឋខ្មែរ។

នៅក្នុងពិធីសម្ពោធកម្មវិធីបញ្ជាទិញគ្រឿងអេឡិចត្រូនិចនៅលើទូរស័ព្ទដៃ «ភូមិអេឡិចត្រូនិច» ក៏មានដៃគូអាជីវកម្មចូលរួមជាង ១០ស្ថាប័នចុះកិច្ចសន្យាព្រមព្រៀងទទួលបានសិទ្ធិចែកចាយផលិតផលនៅលើកម្មវិធីនេះផងដែរ។

ពិធិដាក់សម្ពោធ កម្មវិធីលក់ផលិតផលអេឡិចត្រូនិចនៅលើទូរស័ព្ទដៃ «ភូមិអេឡិចត្រូនិច» បានរៀបចំឡើងកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ OakWood ដែលមានភ្ញៀវកិត្តិយសចូលរួមអបអរសាទរប្រមាណជាង ១០០នាក់។
កម្មវិធីលក់ផលិតផលអេឡិចត្រូនិចនៅលើទូរស័ព្ទដៃ «ភូមិអេឡិចត្រូនិច» ជាសមិទ្ធផលទី ២ នៅក្នុងឆ្នាំនេះ បន្ទាប់ពី ក្រុមហ៊ុន ជីហ្គៀ គ្រុប​បានដាក់ដំណើរការប្រើប្រាស់កម្មវិធីបញ្ចាទិញផលិតផលអេឡិចត្រូនិកសំរាប់ដៃគូអាជីវកម្មមានឈ្មោះ GGEAR Dealer Portal កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ៕