(សឹង្ហបុរី)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នាថ្ងៃទី០៤ ខែមេសានេះ បានចេញសេចក្តីប្រកាសពីការប្រកួតពានរង្វាន់ជើងឯកអាស៊ាន ASEAN Club Championship លើកដំបូងដែលមានឈ្មោះថា «Shopee Cup» ដោយមាន ១៤ក្រុមចូលរួម ហើយតាមការប្រកាសអាចនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកកដ្កា រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។

ដែលកាប្រកាសនេះធ្វើឡើងក្រោយពេល AFF ដាក់បង្ហាញពីភាពជាដៃគូសហការណ៍ជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Shopee អំពីដំណើការរៀបចំការប្រកួតប្រជែងពានរង្វាន់ក្លិបជើងឯកអាស៊ាន ជាផ្លូវការដែលមានឈ្មោះថា «Shopee Cup»។

លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)
បានលើកឡើងថា «ការប្រកួតនេះនឹងក្លាយជាចំណុចសំខាន់ក្នុងការបង្កើតនៅអនាគតដ៏គួរឱ្យរំភើប សម្រាប់ក្លិបកីឡាបាល់ទាត់ក្នុងតំបន់អាស៊ាន និងជាការប្រែក្លាយការប្រកួតក្នុងតំបន់ ក្លាយជាការប្រកួតដ៏សំខាន់ ដែលនឹងជំរុញឱ្យស្របតាមការចង់បាន សម្រាប់ក្លិបឈានមុខគេក្នុងតំបន់អាស៊ាន និងធ្វើឱ្យកាន់តែមានភាពជោគជ័យនៅអាស៊ី ។

ក្លិបដែលចូលរួមវិញមានសរុបចំនួន ១៤ក្លិប ខណៈការឈានដល់វគ្គចែកពូលមានតែ ១២ក្លិប នឹងបែងចែកជា ២ពូលសម្រាប់ការបោះឆ្នោត ក្នុងនោះមានក្លិបមកពីលីគប្រទេសថៃ, ម៉ាឡេស៊ី, វៀតណាម និងឥណ្ឌូនេស៊ី មាន ២ក្លិប ហើយមកពីសិង្ហបុរី និងហ្វីលីពីន មានតែ ១ក្លិបដូចគ្នា។

ខណៈក្លិបចេញពីលីគកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងព្រុយណេ ត្រូវប្រកួតជម្រុះវគ្គ (play-off) ជ្រើសរើសយក ២ក្លិបដើម្បីទៅបង្គ្រប់វគ្គចែកពូល។

សូមបញ្ចាក់ផងថា សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីទម្រង់នៃការប្រកួតជើងឯក ASEAN Club Championship 2024/25 និងក្លិបដែលត្រូវចូលរួមនឹងត្រូវបានផ្តល់ជូនជាផ្លូវការ ដែលនឹងធ្វើឡើងនៅសប្តាហ៍ដំបូងនៃខែឧសភា ឆ្នាំ២០២៤៕