(ភ្នំពេញ)៖ ក្រុមហ៊ុន Genrich Investment របស់កម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Protus Management របស់អាមេរិក បង្កើតក្រុមហ៊ុនថ្មីមួយទៀត «Cambodiastays» សម្រាប់ផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក ក្នុងនោះក៏មានផ្តល់ជូននូវសេវាកម្មផ្នែកកក់ និងជួលអចលនទ្រព្យប្រកបដោយទំនុចចិត្ដខ្ពស់ ជូនភ្ញៀវទេសចរណ៍ដែលមកកម្ពុជា។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សាន់ អែន ម៉ូន រីវើសាយ ក្រោមវត្ដមានលោក Jason Han Kagimoto នាយកប្រតិបត្តិនៃ Cambodiastays (CEO), លោក Luke Lim ប្រធាននាយកប្រតិបត្តិ Cambodiastays (COO) និងលោក Lim Lork Johnson នាយកក្រុមហ៊ុននៃ Cambodiastays (Chairman)។

លោក Lim Lork Johnson បានថ្លែងថា Cambodiastays គឺជាកិច្ចសហការមួយរវាងក្រុមហ៊ុន Genrich investment ជាក្រុមហ៊ុនខ្មែរសហការជាមួយនឹងក្រុមហ៊ុនដែលមានបទពិសោធន៍គ្រប់គ្រងអចលនទ្រព្យ អស់ រយៈពេល ៨ឆ្នាំមកពីសហរដ្ឋអាមេរិក នោះគឺ Protus Management។

លោកបានបន្តថា «ការបង្កើតក្រុមហ៊ុន Cambodiastaysនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ពិភពលោក តាមរយៈវេបសាយរបស់ក្រុមហ៊ុន «Cambodiastays.com» ។វេបសាយនេះក្រៅពីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅកម្ពុជា គឺមានផ្ដល់ជូននូវសេវាកម្មផ្នែកជួយរកគេហដ្ឋានសម្រាប់ជួលស្នាក់នៅផងដែរ ជាខុនដូ ផ្ទះវីឡា ផ្ទះល្វែងនានា គឺភ្ញៀវទេសចរណ៍អាចស្វែងបាននៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនយើងបាន។ នេះក៏ជាឱកាសមួយសម្រាប់ម្ចាស់អចលនទ្រព្យនៅកម្ពុជាយើង ដែលចង់ជួលលំនៅឋានរបស់ខ្លួន អាចមកទំនាក់ទំនងជាមួយក្រុមហ៊ុនយើង»

លោក Jason Han Kagimoto ក៏បានថ្លែងដែរថា ជាមួយនឹងទីផ្សារទំនើប និងទូលំទូលាយ បូករួមភាពជាដៃគូអន្តរជាតិ ក្រុមហ៊ុនជឿជាក់ថានឹងអាចផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ទាំងអតិថិជន ដែលចូលមកប្រើប្រាស់សេវាកម្ម ក៏ដូចជាម្ចាស់អចលនទ្រព្យផងដែរ។ លោកបានបន្តថា «តាមរយៈយុទ្ធនាការនេះ យើងក៏សង្ឃឹមថាវិស័យទេសចរណ៍ក៏អាចជាអនុផលមួយ ដែលស្ថិតក្រោមនៃការចូលរួមផងដែរ។ នៅពេលដែលយើងបានបង្កើតកំណត់ត្រាល្អសម្រាប់អចលនទ្រព្យដែលមានស្រាប់របស់យើង ហើយយើងក៏នឹងនាំយកដៃគូទីផ្សារបច្ចុប្បន្នរបស់យើងពីរដ្ឋនានាឱ្យចូលមកកម្ពុជា ដើម្បីជួយជំរុញទេសចរណ៍ក្នុងប្រទេសឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត»។

លោកបានបន្តថា ដើម្បីឱ្យបេសកកម្មមួយនេះទៅរួច វារួមបញ្ចូលទាំងកម្មវិធី influencer ភ្នាក់ងារធ្វើដំណើរ សារព័ត៌មានអន្តរជាតិ និងទីផ្សារ SEO ដែលកំណត់គោលដៅអតិថិជន និងភ្ញៀវទេសចរណ៍ ទូទាំងពិភពលោកតែម្តង។

លោក Luke Lim បានលើកឡើងថា «ការទុកអចលនទ្រព្យរបស់អ្នកចោលហើយឱ្យធូលីពេញនេះ គឺមិនទទួលបានជាមួយនឹងប្រាក់ចំណូលអ្វីនោះទេ។ ដូច្នេះហើយវត្តមានរបស់ក្រុមហ៊ុនយើង Cambodiastays នឹងជួយដោះស្រាយរាល់បញ្ហាដែលអ្នកទាំងអស់គ្នា កំពុងតែជួបប្រទះនេះនឹងធ្វើយ៉ាងណាឱ្យអចលនទ្រព្យរបស់អ្នក អាចរកប្រាក់ចំណូលបានតាមរយៈការប្រើប្រាស់នូវសេវារបស់ក្រុមហ៊ុនយើង។ យើងក៏អាចដោះស្រាយរាល់ការ ជួសជុល ការចុះកិច្ចសន្យា និងបញ្ហាផ្សេងទៀត ដែលភ្ញៀវនឹងបង្កឡើងតាមរយៈការធានារ៉ាប់រងនៃប្រព័ន្ធកក់អនឡាញរបស់យើង»

លោកបានបន្តថា លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានជំនាញក្នុងវិស័យប្រតិបត្តិការកក់តាមអ៊ីនធឺណិត រួមបញ្ចូលវេទិកាគ្រប់គ្រងលើអ៊ីនធឺណិត ដែលរួមបញ្ចូលគ្នានូវគ្រប់ផ្នែកនៃការកក់ដូចជា airbnb, vrbo, bookings..com, agoda និងច្រើនទៀត ក្រុមហ៊ុនអាចប្រាកដថា ផ្ទះទ្រព្យសកម្មរបស់អ្នក នឹងត្រូវបានមើលដោយអ្នកគ្រប់គ្នា ហើយមានកន្លែងកក់ទុកខ្ពស់ជាងវេទិកាភាគច្រើន៕