(ភ្នំពេញ)៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ខ្មែរ ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយ រីករាយ អំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យ បានរៀបចំ «សង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ» រយៈពេល០២ថ្ងៃ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

សាកលវិទ្យាល័យ បានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ ការសម្តែង របាំជូនពរ របាំត្រុដិ ចាប៉ីដងវែង ល្បុកតោ ការរាំចង្វាក់ប្រពៃណីខ្មែរ ការដើរបង្ហាញម៉ូដ ការប្រគុំតន្ត្រី ដែលមានការ ចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្តែងល្បីៗប្រចាំកម្ពុជាផងដែរ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសង្ក្រាន្តចំនួន២លើករួចមកហើយ ដោយលើកទី១ឆ្នាំ២០២២ មានអ្នកចូលរួមចំនួនប្រមាណជាង៦,០០០នាក់ និងលើកទី២ឆ្នាំ២០២៣ មានអ្នកចូលរួមប្រមាណជាង១០,០០០នាក់។

នៅឆ្នាំ២០២៤នេះ លោករំពឹងថា និងមានអ្នកចូលរួមប្រមាណជាង១២,០០០នាក់ ដែលភាគច្រើនមកពីសាលាប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ការរៀបចំសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នេះក្នុងគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្ដល់ឱកាសដល់សិស្ស-និស្សិតជួបជុំគ្នា និងបង្កើតមិត្តភាព សាមគ្គីភាពរវាងសាលា និងសាកលវិទ្យាល័យ ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានអំឡុងពេលសិក្សា និងបញ្ចប់ការសិក្សាព្រមទាំងចូលរួមបណ្ដុះស្មារតីឲ្យសិស្ស និស្សិតចេះស្រឡាញ់ និងលើកតម្កើងពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដែលបន្សល់ទុកពីដូនតាដែលមានតាំងពីយូរលង់ណាស់មកហើយ។

លើសពីនេះទៅទៀត សង្ក្រាន្តសាកលវិទ្យាល័យ បានផ្ដួចផ្ដើមគំនិតបង្កើតវប្បធម៌ចែករំលែកតាមរយៈប្រមូលថវិកាសប្បុរសធម៌ពីអ្នកចូលរួមដើម្បីជូនដល់ សមាគមន៍សប្បុរសធម៌ប៊ែលធី ហើយថវិកាទាំងអស់នោះ និងជួយដល់កុមារកំព្រារ ជនទីទាល់ក្រ ជនហានិភ័យ ព្រមទាំងផ្ដល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល តែងតែផ្តល់ឱកាសដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌មរតកជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំ ដោយឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពោរពេញដោយសមត្ថភាព បន្តដឹកនាំប្រទេសជាតិប្រកបដោយវឌ្ឍនភាពលើគ្រប់វិស័យ។

អរគុណសន្តិភាព អរគុណបិតាស្ថាបនិកសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាវីរបុរសជាតិ នាំមកនូវសន្តិភាព ការរីកចម្រើន និងការឯកភាពជាតិពេញលេញ ជូនព្រះរាជាណាចក្រកម្ពុជា។ សូមជូនពរ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងអស់ទទួលបាននូវ ពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងរីកចម្រើនរុងរឿងគ្រប់ៗគ្នាជានិច្ចនិរន្តន៍៕