(ឡុងដ៍)៖ ខ្សែបម្រើប្រយុទ្ធក្លិប Aston Villa កីឡាករ Jacob Ramsey ត្រូវអវត្តមានសម្រាប់រយៈពេលសេសសល់ ក្នុងរដូវកាលនេះ ដោយសាររបួសម្រាមជើង ស្របពេលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Ollie Watkins បានវិលត្រឡប់ចូលក្រុមវិញ ដើម្បីប្រកួតចុងសប្តាហ៍នេះ ពេលប៉ះក្រុមភ្ញៀវ Brentford។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Unai Emery ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

អ្នកចាត់ការដដែលបន្ថែមថា អ្នកចាំទី Emi Martinez ដែលបានអវត្តមានពីការប្រកួតចាញ់ ៤-១ ក្នុងពេលប៉ះក្លិប Manchester City កាលពីថ្ងៃពុធ ដោយសារមានជំងឺនោះ ក៏បានវិលត្រឡប់ចូលក្រុមវិញផងដែរ។

«Jacob Ramsey បានមានបញ្ហាម្តងទៀត ជាមួយនឹងម្រាមជើងរបស់គាត់។ គាត់នឹងមិនអាចចូលលេងបាននោះទេ សម្រាប់រយៈពេលសេសសល់ក្នុងរដូវកាលនេះ»។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានប្រាប់អ្នកសារព័ត៌មាន។

​សូមជម្រាបថា Aston Villa កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League ដោយមាន ៥៩ពិន្ទុ ពី ៣១ប្រកួត និងមាន ២ពិន្ទុលើក្លិប Tottenham Hotspur ​ខណៈ Brentford កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៥ ដោយមាន ២៨ពិន្ទុ និងមាន ៦ពិន្ទុលើតំបន់កាត់ចោល៕