(ឡុងដ៍)៖ ខ្សែការពារក្លិបកាំភ្លើងធំ Arsenal កីឡាករ Oleksandr Zinchenko បានលើកឡើងថា លោកនឹងវិលត្រឡប់ទៅកាន់អ៊ុយក្រែនវិញ ដើម្បីចូលរួមប្រយុទ្ធការពារប្រទេសរបស់លោក ប្រសិនបើមានការកោះហៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបរិច្ចាគប្រាក់ចំនួន ១លានផោន (១.២៦លានដុល្លារ) រួចទៅហើយ ដើម្បីជួយគាំទ្រដល់ប្រទេសរបស់លោក បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនកាលឆ្នាំ២០២២ មក។

ឆ្លើយតបនឹងសំណួររបស់ BBC ថាតើលោកនឹងយល់ព្រមទេ ប្រសិនបើមានការកោះហៅ Zinchenko បានលើកឡើងថា «វាច្បាស់ណាស់ ខ្ញុំនឹងឆ្លើយថា ខ្ញុំទៅ»។

លោកបានលើកឡើងថា អតីតមិត្តរួមសាលារៀនរបស់លោកជាច្រើននាក់ បានចូលរួមរួចទៅហើយ ជាមួយនឹងយោធាអ៊ុយក្រែន។

Zinchenko បានចាប់ផ្តើមអាជីពរបស់លោក នៅប្រទេសរុស្ស៊ី ជាមួយនឹងក្លិប Ufa មុនពេលចូលរួមជាមួយក្លិប Manchester City ក្នុងឆ្នាំ២០១៦ ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ Premier League ចំនួន ៤លើក៕