(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Nvidia គ្រោងនឹងសាងសង់មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត្ត (AI) ថ្មីមួយ ដែលមានតម្លៃប្រមាណ ២០០លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុក មានឈ្មោះថា Indosat Ooredoo Hutchison។ ខណៈការបោះទុននេះ ស្របពេលដែលបច្ចេកវិទ្យាអាមេរិកកំពុងពង្រីកខ្លួនទៅកាន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

យោងតាមរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា របស់ប្រទេសឥណ្ឌូនេស៊ី លោក Budi Arie Setiadi បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងមានទីតាំងនៅទីក្រុង Surakarta ក្នុងខេត្ត Central Java ហើយនឹងជំរុញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងស្រុក ធនធានមនុស្ស និងទេពកោសល្យឌីជីថល។

យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតផ្សេងទៀត អំពីភាពជាដៃគូររវាង Indosat និង Nvidia នៅមិនទាន់មានការបង្ហាញលម្អិតនៅឡើយនោះទេ ខណៈពេលដែលក្រុមហ៊ុនទាំងពីរនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយសម្រាប់សំណើរបស់ CNBC។

កាលពីខែមុន Indosat បានប្រកាសថា ខ្លួនបានត្រៀមខ្លួន រួចជាស្រេចក្នុងការរួមបញ្ចូលស្ថាបត្យកម្មបន្ទះឈីបជំនាន់ក្រោយរបស់ Nvidia គឺ Blackwell ទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាមួយនឹង «គោលដៅនៃការជំរុញប្រទេសឥណ្ឌូណេស៊ីចូលទៅក្នុងយុគសម័យថ្មី នៃអធិបតេយ្យភាព AI និងការរីកចំរើនផ្នែកបច្ចេកវិទ្យា»។ Indosat Ooredoo Hutchison គឺក្រុមហ៊ុនជាទូរគមនាគមន៍ចល័តធំជាងគេទីពីររបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរួមបញ្ចូលគ្នានៅឆ្នាំ២០២២ រវាង Ooredoo របស់ប្រទេសកាតា និងក្រុមហ៊ុន CK Hutchison របស់ហុងកុង។

គួរជម្រាបដែរថា ការកើនឡើងវត្តមានរបស់ Nvidia នៅក្នុងប្រទេសឥណ្ឌូនេស៊ី តំណាងឱ្យការជំរុញដ៏ទូលំទូលាយមួយទៅកាន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយសារតម្រូវការទិន្នន័យនៅក្នុងតំបន់កើនឡើងនៅលើផ្ទៃខាងក្រោយនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន៕