(ភ្នំពេញ)៖ គុនល្បុក្កតោ គឺជាប្រភេទកីឡាអត្តសញ្ញាណជាតិតែមួយគត់ ក្នុងចំណោម ១២ប្រទេសកីឡា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ខណៈអ្នកជំនាញ បានចាត់ទុកនេះ គឺជាគុនតម្លៃដ៏ពិសេស ដែលផ្ដល់ឱកាសឲ្យកុមារជាសិស្សានុសិស្ស មកពីគ្រប់រាជធានី-ខេត្ត បានហ្វឹកហាត់ ប្រកួត និងឈ្វេងយល់ពីក្បាច់គុនបន្សល់ទុកពីបុព្វបុរសខ្មែរនេះ។

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញពីគុណតម្លៃនៃគុនល្បុក្កតោសម្រាប់កុមារ ក្នុងការប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិនេះថា ជាការពិតណាស់គុនល្បុក្កតោ សម្រាប់កុមារ គឺជាកម្លាំងចលករមួយ ក្នុងការតម្រង់ទិស និងអត្តចរិករបស់ពួកគេ ហើយគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃការហ្វឹកហាត់គុនល្បុក្កតោសម្រាប់កុមារ គឺការរួមចំណែកកសាង និងអភិវឌ្ឍន៍សុខភាពរាង្គកាយ សុខភាពស្មារតី ការចូលរួមប្រាស្រ័យទាក់ទងជាមួយសង្គម ការបណ្តុះឆន្ទៈស្រលាញ់ជាតិមាតុភូមិ ស្រលាញ់វប្បធម៌ប្រពៃណី និងការឃ្លាតឆ្ងាយពីសង្គមគ្រឿងញៀន មករួមរស់ជាមួយសង្គមនៃការកសាង អនាគតដល់ល្អសម្រាប់ពួកគេ។

អ្នកជំនាញដដែលបន្ដថា តាមរយៈការចូលរួមជាមួយគុនល្បុក្កតោ កុមារបានរៀនពីបំនិនជីវិតសំខាន់ៗ ដូចជាការធ្វើកិច្ចការងារជាក្រុម ភាពជាអ្នកដឹកនាំនៅក្នុងក្រុម ការស្គាល់ពីក្រិតក្រម និងវិន័យ។ លើសពីនេះ កុមារមានពេលវេលាក្នុងការបង្កើតមិត្តភាព រៀនស្គាល់ពីសមត្ថភាពខ្លួនឯង និងការគោរពឲ្យតម្លៃអ្នកដ៏ទៃ មានឱកាសឲ្យកុមារមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហាប្រឈម ទាំងបញ្ញាស្មារតី យុទ្ធសាស្ត្រពេល ដែលពួកគេត្រៀមប្រកួត អំឡុងពេលប្រកួត និងពេលទទួលលទ្ធផល។ ដូច្នេះការប្រកួតគុនល្បុក្កតោ នៃកីឡាសិស្សបឋមសិក្សានេះ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសកុមារក្នុងពេលនេះ ដើម្បីទទួលបានធនធានយុវជន ដែលជាសសរទ្រូងជាតិនាថ្ងៃអនាគត។

គួរដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា គឺមាន ១២ប្រភេទកីឡា ដែលបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣១ ខែមីនា ហើយគ្រោងបញ្ចប់នាថ្ងៃទី០៧ ខែមេសាខាងមុខ។ ចំពោះកីឡាគុនល្បុក្កតោ នឹងធ្វើការប្រកួតនៅថ្ងៃទី០៦-០៧ ខែមេសា ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីជាប្រមាណ ១២៣នាក់ចូលរួម មកពី ១០រាជធានី-ខេត្ត និងត្រូវធ្វើការប្រកួតប្រជែងលើ ១០វិញ្ញាសា។ នេះជាលើកទី២ ហើយ ដែលគុនល្បុក្កតោ ត្រូវបានបញ្ជូលក្នុងកម្មវិធីប្រកួតប្រចាំឆ្នាំ នៃកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ៕