(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Tesla ត្រូវបានគេរាយការណ៍មកថា បានលុបចោលផែនការសម្រាប់រថយន្តតម្លៃទាប ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងតម្លៃប្រហែល ២៥,០០០ដុល្លារ ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EV)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

ការសម្រេចចិត្តនេះ តំណាងឱ្យការបោះបង់ចោលនូវគោលដៅដ៏យូរអង្វែងដែលនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk តែងតែកំណត់ថាជាបេសកកម្មចម្បងរបស់ខ្លួន៖ «រថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យ សម្រាប់មហាជន»។ ខណៈផែនការនេះត្រូវបានលោក Elon Musk ឱ្យឈ្មោះថា «រថយន្តគ្រួសាតម្លៃទាប» ត្រូវបានអំពាវនាវជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៦ មកម្លេះ។

យោងតាមរបាយការណ៍ចេញផ្សាយ បានគូសបញ្ជាក់ថា មូលហេតុដែល Tesla សម្រេចលុបចោលគម្រោងនេះ គឺដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាសាកល ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលកំពុងជន់លិចទីផ្សារជាមួយនឹងរថយន្តក្នុងតម្លៃទាបរហូតដល់ ១០,០០០ដុល្លារឯណោះ។ មិនត្រឹមតែប៉ុណ្ណោះប្រភពបានបង្ហើបថា កាលពីចុងខែកុម្ភៈកន្លងទៅ Tesla ក៏បានសម្រេចចិត្តដ៏ឆាប់រហ័សមួយក្នុងការលុបចោលការផលិតរថយន្តអគ្គិសនី Model 2 ផងដែរ។

តែយ៉ាងណាជុំវិញព័ត៌មានលម្អិត អំពីការលុបចោលគម្រោងផលិតរថយន្តក្នុងតម្លៃទាបនេះ ក្រុមហ៊ុន Tesla នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែបន្ទាប់ពីរឿងនេះត្រូវបានគេចុះផ្សាយ លោក Musk បានបង្ហោះលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា «Reuters កំពុងកុហក (ម្ដងទៀត)»។ ខណៈការបង្ហោះនោះ លោកមិនបានកំណត់អត្តសញ្ញាណភាពមិនត្រឹមត្រូវជាក់លាក់ណាមួយឡើយ។

គួរជម្រាបដែរថា ម៉ូដែលរថយន្តអគ្គិសនីបច្ចុប្បន្ន ដែលមានតម្លៃថោកបំផុតរបស់ Tesla គឺ Model 3 sedan លក់រាយក្នុងតម្លៃប្រហែល ៣៩,០០០ ដុល្លារនៅសហរដ្ឋអាមេរិក៕