(បរទេស)៖ យោងតាមរបាយការណ៍ស្រាវជ្រាវពីស្ថាប័ន CreditSights បានឲ្យដឹងថា ក្រុមហ៊ុនចិន Xiaomi ដែលកំពុងជោគជ័យខ្លាំងលើការលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនមានឈ្មោះថា SU7 នោះ មានសមត្ថភាពអាចផលិតរថយន្តនេះបានត្រឹម៦ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤នេះ ស្របពេលដែលម៉ូដែលរថយន្តនេះលក់អស់រហូតដល់១០ម៉ឺនគ្រឿង ក្នុងការប្រកាសចេញលក់ថ្ងៃដំបូង។ នេះបើតាមការចេញផ្សាយដោយសារគេហទំព័រព័ត៌មាន Car News China។

រថយន្តអគ្គិសនី Xiaomi SU7 នេះ មានសមត្ថភាពអាចរត់បានចំងាយ 700km និងប្រកាសដាក់លក់ក្នុងតម្លៃ ២១៥,៩០០យ៉ន់ (២៩,៩០០ដុល្លារ) ប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសចិន។ ពាក់ព័ន្ធនឹងការផលិត សារព័ត៌មាននៅក្នុងប្រទេសចិន ក៏បានផ្សព្វផ្សាយស្រដៀងគ្នានេះដែរថា រោងចក្រផលិតរថយន្តអគ្គិសនី Xiaomi SU7 ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងមួយនេះ អាចដំណើរការសង្វាក់ផលិតកម្មបានចន្លោះពី ៤,០០០ ទៅ ៥,០០០គ្រឿង សម្រាប់ខែមេសានេះ ហើយនិងអាចបង្កើនបាន ៦,០០០ នៅត្រឹមដំណាច់ឆ្នាំ២០២៤។

សេចក្តីរាយការណ៌កន្លងមក បានបញ្ជាក់ថា ត្រឹមតែ ២៧នាទីប៉ុណ្ណោះ ក្រុមហ៊ុន Xiaomi ទទួលបាននូវការបញ្ជាទិញរហូរដល់ទៅ ៥០,០០០គ្រឿង ហើយគិតត្រឹមថ្ងៃពុធកន្លងទៅនេះ ការបញ្ជាទិញមុនបានកើនឡើងដល់ ១០០,០០០ គ្រឿង។ ដោយសារតែចំនួនការបញ្ជាទិញខ្លាំងពេក ក្រុមហ៊ុនក៏បានធ្វើការ lock-in នៅត្រឹម ៤០,០០០ គ្រឿងផងដែរ។ ប្រភពនៅចិនរាយការណ៌ថា ក្រុមហ៊ុន Xiaomi អាចផលិតរថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន ៣០០គ្រឿងនៅក្នុងមួយថ្ងៃ ដែលតួរលេខនេះ បង្ហាញថា អ្នកដែលបានបញ្ជាទិញរថយន្តនេះ គឺត្រូវរង់ចំារយៈពេលដល់ទៅ ៨ខែ ទំរាំបានរថយន្តរបស់ខ្លួន។

សូមជម្រាបថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបានប្រគល់រថយន្តរបស់ខ្លួនចំនួន៥ ពាន់គ្រឿងជូនដល់អតិថិជនរបស់ខ្លួនហើយ ដែលនេះ គឺជាម៉ូដែល Founders Edition (FE) ដែលក្រុមហ៊ុននេះបានធ្វើការផលិតកាលខែមីនាកន្លងទៅ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមប្រគល់រថយន្តជូនដល់អតិថិជនកាលពីថ្ងៃទី០៣ ខែមេសានេះ ហើយសម្រាប់ម៉ូដែលនេះ ក្រុមហ៊ុនបានផ្តល់នូវអត្ថប្រយោជន៌ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន៕