(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាបឹងកេងកង បានបើកសម្ពោធជាផ្លូវការនូវសេវាកម្មថ្មីចំនួនពីររបស់ខ្លួនគឺ គ្លីនិកព្យាបាលជំងឺមហារីក និង គ្លីនិកព្យាបាលដោយចលនានិងស្តារនិតិសម្បទា ដែលមានទីតាំងស្ថិតនៅជាន់ទី៩។

មន្ទីរពហុព្យាបាលអន្តរជាតិខេមា មកទល់នឹងបច្ចុប្បន្ននេះ មានចំនួន៣សាខា ហើយកន្លងមកទាំងបីសាខានេះ ក៏បានផ្តល់សេវាពិនិត្យរកជំងឺមហារីកជូនអតិថិជនរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ «ប៉ុន្តែថ្មីៗនេះដោយមានកិច្ចសហការជាមួយ មជ្ឈមណ្ឌលជំងឺមហារីកផាកវ៉េ (Parkway Cancer Center) នៅប្រទេសសឹង្ហបុរី ទើបមន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកង បានពង្រីកវិសាលភាពនៃសេវាពិនិត្យ និងព្យាបាលជំងឺមហារីក ដោយបើកជាគ្លីនិកមហារីកនេះឡើង ដើម្បីផ្តល់សេវាសំខាន់ៗជូនអតិថិជនចាប់ពីថ្ងៃ៦ខែមេសានេះតែម្ដង»។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹម សារុន នាយកគ្រប់គ្រងទូទៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាបឹងកេងកង។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្លីនិកមហារីកនៅមន្ទីរពហុព្យាបាលអន្ដរជាតិខេមានេះ គឺមានក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ពិនិត្យព្យាបាលជាច្រើនឆ្នាំ រង់ចាំបម្រើសេវាជូនអតិថិជន។ មជ្ឈមណ្ឌលជំងឺមហារីកផាកវ៉េ (Parkway Cancer Center) នៅប្រទេសសឹង្ហបុរី នឹងសហការផ្តល់ការគាំទ្រដល់គ្លីនិកមហារីក តាមរយៈគម្រោង CanHOPE ក្នុងការផ្តល់សេវាប្រឹក្សាយោបល់ និងសេវាគាំទ្រដល់អ្នកជំងឺមហារីកក្នុងកំឡុងពេលព្យាបាល ព្រមទាំងផ្តល់ការអប់រំ និងការយល់ដឹងអំពីជំងឺមហារីកដល់អ្នកគ្រប់គ្នា។

លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «មន្ទីរពហុព្យាបាលអន្តរជាតិខេមារបស់យើង មានទទួលពិនិត្យព្យាបាលជំងឺមហារីកទូទៅទាំងអស់ដូចជា៖ ពិនិត្យនិងព្យាបាលជំងឺមហារីកសុដន់ មហារីកមាត់ស្បូន ដៃស្បូន ប្រូស្តាត ក្រពះ ពោះវៀន ថ្លើម ថង់ទឹកប្រមាត់ ប្លោកនោម និងជំងឺមហារីកសួត»

ជាមួយគ្នានេះដែរ មន្ទីរពហុព្យាបាលអន្តរជាតិខេមាទាំងបីសាខា ក៏បានផ្តល់សេវាពិនិត្យ និងព្យាបាលដោយចលនា និងស្តារនិតិសម្បទា ជូនអតិថិជនរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ ដូចនេះដើម្បីបម្រើសេវាជូនអតិថិជនឱ្យកាន់តែប្រសើរឡើង ទើបមន្ទីរពហុព្យាបាលអន្តរជាតិខេមាសាខាបឹងកេងកងសម្រេចបើកជាគ្លីនិកព្យាបាលដោយចលនា និងស្តារនិតិសម្បទា ប្រចាំនៅសាខានេះផ្ទាល់តែម្តង ដោយចាប់ផ្តើមផ្តល់សេវាសំខាន់ៗជូនអតិថិជន ចាប់ពីថ្ងៃនេះតទៅ មានដូចជា៖ ឈឺក ខ្នង សាច់ដុំ សន្លាក់ ឆ្អឹងស្ពោត ឈឺក្បាល ស្លាប់មួយចំហៀងខ្លួន របួសដោយការលេងកីឡា។ល។

គ្លីនិកព្យាបាលដោយចលនា និងស្តារនិតិសម្បទា មានក្រុមគ្រូពេទ្យជាច្រើននាក់ដែលមានបទពិសោធន៍ព្យាបាលជាច្រើនឆ្នាំ រង់ចាំបម្រើសេវាជូនអតិថិជន។ ក្រៅពីនេះមន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាបឹងកេងកងមានសេវាចំបងៗដូចជា៖ ព្យាបាលរបួស និងសង្គ្រោះបន្ទាន់២៤ម៉ោងក្នុងមួយសប្ដាហ៍ ការវះកាត់ ការពិគ្រោះជំងឺទូទៅ និងឯកទេស ជំងឺសម្រាកពេទ្យ ជំងឺកុមារ រោគស្ត្រីនិងសម្ភព ជំងឺបេះដូង ការដាក់ថ្មបេះដូង ជំងឺក្រពះពោះវៀន ការពិនិត្យឈាម និងរូបភាពវេជ្ជសាស្ត្រជាដើម៕