(ក្រុងឡុងដ៍)៖ Manchester City ដែលជាក្រុមការពារតំណែងជើងឯក Premier League បានបន្ថែម ៣ពិន្ទុទៀត តាមរយៈយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ៤-២ នារាត្រីថ្ងៃសៅរ៍ ដើម្បីបន្តក្តីសង្ឃឹមប្រជែងពានធំនេះទល់នឹង Arsenal និង Liverpool ទៀត ខណៈនៅសល់ ៧ប្រកួតទៀតបិទរដូវកាល។

៣ពិន្ទុដ៏សំខាន់ក្រៅដីនៃសប្តាហ៍ទី៣១ ជើងទី២ នេះដែរ បានធ្វើឱ្យក្រុមដែលដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Pep Guardiola រកបាន ៧០ពិន្ទុឈរនៅលេខ៣ ជាបណ្តោះអាសន្ន ស្មើគ្នាជាមួយក្រុមលេខ២ ហង្សក្រហម Livepool ដោយពួកគេ (Liverpool) នៅសល់ ១ប្រកួតក្នុងដៃ និងចាញ់ប្រៀបក្រុមកំពូលតារាងកាំភ្លើងធំ Arsenal តែ ១ពិន្ទុ ប៉ុណ្ណោះ។

ក្នុងជំនួបដ៏សំខាន់នោះដែរ ខ្សែបម្រើ Kevin de Bruyne ក៏រួមចំណែករកបាន ២គ្រាប់ផងដែរ ពោលគឺនៅនាទីទី១៣ និង ៧០ ដែលជារួមកីឡាករអន្តរជាតិប៊ែលហ្សិករូបនេះ រកបាន ៤គ្រាប់មកហើយពីការបង្ហាញខ្លួន ១៦លើក ឱ្យក្រុមមេឃខៀវពេលប៉ះ Crystal ក្នុងលីគកំពូលអង់គ្លេស Premier League។ គិតមកទល់ពេលនេះ De Bruyne រកបាន ១០០គ្រាប់ហើយជាមួយ City។

City នឹងមានពិន្ទុប្រែប្រួលធៀបជាមួយ Liverpool នៅពេលហង្សក្រហមត្រូវជួបគូប្រជែង Manchester United ក្នុងកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែមេសានេះ ក្រោយពេល Arsenal បានបំបាក់ម្ចាស់ផ្ទះ Brighton ៣ទល់នឹង០ នាយប់មិញ៕