(ភ្នំពេញ)៖ រាល់សកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដោយដាក់ចេញនូវបទបញ្ជា ផែនការ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ជាច្រើន ក្នុងការបង្ក្រាប ការដាំដុះ ការផលិត ការចែកចាយ ការចរាចរ ការជួញដូរ ការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ការទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម ។

បើទោះបីជាមានវិធានការតឹងរ៉ឹងលើកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានបញ្ញត្តិយ៉ាងម៉ឺងម៉ាត់យ៉ាងណាក្តី ក៏នៅតែមានជនឆ្លៀតឱកាសមួយចំនួនតូចធ្វើសកម្មភាព បង្ខំ លួងលោម បញ្ចុះបញ្ចូល គំរាមកំហែង ប្រើឧបាយកលគ្រប់រូបភាពក្នុងការអូសទាញឱ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

តើអំពើ ឬសកម្មភាពណាខ្លះដែលចាត់ទុកថាជា បទបង្ខំ អូសទាញអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន? ហើយបុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះ ត្រូវបានច្បាប់ផ្តន្ទាទោសយ៉ាងដូចម្តេច?

ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទបង្ខំ អូសទាញអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

បទបង្ខំ អូសទាញអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានបញ្ញត្តិក្នុងមាត្រា ៤៣ និង មាត្រា ៥១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ដូច្នេះករណីជនណាបានប្រព្រឹត្តអំពើហិង្សា គំរាមកំហែងដោយប្រើហិង្សា ឬសកម្មភាពផ្សេងទៀត ដែលធ្វើឱ្យអ្នកដទៃស្ថិតនៅក្នុងភាពភ័យខ្លាច ហើយទទួលយកការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺជាអំពើបង្ខំអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ លើសពីនេះ អំពើបញ្ចុះបញ្ចូល លួងលោម ញុះញង់ ឬប្រើឧបាយកលផ្សេងទៀត ធ្វើឱ្យអ្នកដទៃទទួលយកការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកំណត់ថា ជាអំពើអូសទាញអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។

ប្រសិនបើជនណាដែលបានប្រព្រឹត្តបទល្មើសខាងលើនេះ ក្នុងគោលបំណងឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដូចខាងក្រោម៖

បទបង្ខំ អូសទាញអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅក្នុងតារាងទី១ តារាងទី២ និងតារាងទី៣ នៃតារាងឧបសម្ព័ន្ធថ្នាំញៀន និងសារធាតុមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុសម្រាប់ផលិតគ្រឿងញៀននៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោមនេះ៖

១៖ បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង ។
២៖ ដោយមូលហេតុគំនុំ ឬព្យាបាទ ។
៣៖ ចំពោះមនុស្សច្រើននាក់ ។
៤៖ ចំពោះអនីតិជនដែលមានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ ។
៥៖ ចំពោះស្ត្រីដែលជនល្មើសដឹងថាមានគភ៌ ។
៦៖ បង្កឱ្យមានជំងឺប្រកបដោយគ្រោះថ្នាក់ដល់អ្នកដទៃ ។
៧៖ បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកដទៃ ។
៨៖ ចំពោះបុគ្គលដែលកំពុងទទួលវិធានការព្យាបាល ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណី ដែលការប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោមនេះ៖
១៖ បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកដទៃច្រើននាក់ ។
២៖ បង្កឱ្យមានជំងឺប្រកបដោយគ្រោះថ្នាក់ដល់អ្នកដទៃច្រើននាក់ ។
៣៖ ចំពោះអនីតិជនដែលមានអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ។
៤៖ បង្កឱ្យស្លាប់មនុស្ស ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រឹត្តបទល្មើសបណ្តាលឱ្យស្លាប់មនុស្សច្រើននាក់ ។

សរុបមក បទបង្ខំ អូសទាញអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ទៅតាមការប្រព្រឹត្តរបស់ជននោះ ហើយមាត្រា ៤៣ និងមាត្រា ៥១ ខាងលើនេះ មានការផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារផងដែរ ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ឡាន ស៊ីនុត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕