(មេនឆេស្ទើ)៖ កីឡាករស្នូកឃើ Mark Williams បានឈានទៅវគ្គផ្តាច់ដែលត្រូវប៉ះគូប្រជែងលំដាប់លេខ១ ពិភពលោក Ronnie O’Sullivan នៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែមេសា ក្នុងការដណ្តើមជើងឯកពាន Tour Championship 2024។ បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតផ្តាច់ព្រ័ត្រនេះដែរ នឹងធ្វើឡើងនៅក្នុងទីលានដែលស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ជាទីដែល កីឡាករអន្តរជាតិវ៉េល Williams បានទម្លាក់ Mark Allen ដោយលទ្ធផល ១០ទល់នឹង៥ កាលពីរាត្រីថ្ងៃសៅរ៍ ទី០៦ ខែមេសា ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណាក៏ដោយ នេះជាលើកដំបូងសម្រាប់កីឡាករវ័យ ៤៨ឆ្នាំ Williams ដែលបានឡើងមកដល់ផ្តាច់ព្រ័ត្រ Tour Championship ដ្បិតពាននេះត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ២០១៩ នៅពេលកីឡាករសញ្ជាតិអង់គ្លេស Ronnie បានឈ្នះពាននេះដំបូងគេផងដែរ ដ្បិតកម្មវិធីនេះមានតែកីឡាករលំដាប់ខ្ពស់ប៉ុណ្ណោះ ទើបមានសិទ្ធិចូលរួម។

ក្នុងការប្រកួតវគ្គ ៤នាក់ចុងក្រោយដែលមានដល់ទៅ ១៩សិតសរុប (frame) Williams បានបើកការនាំមុខកីឡាករឈរនៅលំដាប់លេខ៣ ពិភពលោក Allen ដល់ទៅ ៩-០ និងបំបែកកំណត់ត្រាវាយបានដល់ទៅ ១៤០ពិន្ទុ ក្នុងសិតទី៩ នោះថែមទៀតផង មុនពេល Allen បានវាយបកឈ្នះ ៥សិតជាប់គ្នាវិញ៕