(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចាត់ទុកសកម្មភាពយុវជនក្នុងការលេងកីឡា បានឆ្លុះបញ្ចាំងពីការគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាបន្ថែមទៀត ដោយឈរលើស្មារតី «កីឡារស់ក្នុងសន្ដិភាព និង ប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ក្របខណ្ឌមន្ដ្រីរាជការនេះ បានដំណើរការប្រកួតជិត ៣ខែ ដោយក្រុមជើងឯក បានទៅក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយប្រកួតឈ្នះគូប្រជែងក្រសួងសុខាភិបាល ដោយលទ្ធផល ២-១ នៃវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានស្ដាតចាស់។

ឆ្លៀតឱកាសនោះលោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងរៀបចំការប្រកួតរបស់គណៈកម្មាធិការ ដៃគូសហការឧបត្ថម្ភ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ ប្រកបដោយភាពជោគជ័យ តាំងពីវគ្គជម្រុះតាមពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោមម្លប់សន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។

លោកឧបនាយកដ្ឋមន្ដ្រីបន្ដថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើតស្មារតីមិត្តភាព សាមគ្គីភាព ពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការ ពិសេសបំផុសស្មារតីស្រលាញ់ និងចូលចិត្តលេងកីឡា ដើម្បីសុខភាព ក្នុងចំណោមមន្ដ្រីរាជការ ដែលមិនមែនជាកីឡាករអាជីពមកពីក្រសួង-ស្ថាប័នខុសៗគ្នា ដោយអនុញ្ញាតឲ្យអ្នកចូលរួមបានស្គាល់ និងស្វែងយល់ពីគ្នា ដើម្បីក្លាយជាបណ្ដាញទំនាក់ទំនងមួយ ដែលរួបរួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ចេះអត់អោនអធ្យាស្រ័យ និងគោរពគ្នាទៅវិញទៅមក។

លោក ហ៊ុន ម៉ានី បន្ថែមថា «ស.ស.យ.ក ជឿជាក់យ៉ាងមុតមាំថា សកម្មភាពយុវជនក្នុងការលេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ដោយឈរស្មារតីកីឡារស់ក្នុងសន្ដិភាព និងប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដោយធ្វើយ៉ាងណា ជំរុញវិស័យកីឡា ឲ្យក្លាយជាចលនាជាតិដ៏រស់រវើកមួយសម្រាប់យុវជន និងប្រជាជនកម្ពុជា ដែលពោរពេញសុខភាពល្អ សមត្ថភាព គុណភាព វិន័យ សាមគ្គីភាព មិត្តភាព ភាតរភាព សេចក្ដីថ្លៃថ្នូរ និងប្រកបដោយសុខដុមរមនា»

បន្ថែមលើនេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខាងលើបានអំពាវនាវដល់ក្រសួង-ស្ថាប័នទាំងអស់ ឲ្យបន្ដបំផុសចលនាកីឡាដល់យុវជន ដែលជាមន្ដ្រីរាជការ ក៏ដូចជាប្រជាជនគ្រប់រូប ឲ្យចូលរួមលេងកីឡាកាន់តែច្រើនបន្ថែមទៀត មិនថាកីឡាបាល់ទាត់ ឬកីឡាផ្សេងៗនោះទេ ដើម្បីរក្សាបាននូវស្មារតីដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងសង្គមនេះ។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយលោក ហ៊ុន ម៉ានី បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤ ខែមករា ដោយមានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៤ក្រុមចូលរួម។ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងប្រកបដោយយុត្តិធម៌ជិត ៣ខែ គឺក្រុមក្រសួងអប់រំ យុវជន និងកីឡា បានគ្រងតំណែងជើងឯក គ្រាដែលក្រុមក្រសួងសុខាភិបាល បានត្រឹមជើងឯករង និងក្រុមក្រុមក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ៣៕