(មេនឆេស្ទើ)៖ Mohamed Salah បានក្លាយជាខ្សែប្រយុទ្ធដំបូងគេនៃហង្សក្រហម Liverpool ដែលតែងតែរកបានគ្រាប់ស៊ុត ក្នុងចំណោម ៤ប្រកួតជាប់ៗគ្នានៅក្នុងផ្ទះរបស់ Manchester United ពីព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តួយ៉ាង ១គ្រាប់តាមស្មើ ២-២ ដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទី៨៧ នារាត្រីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤ បានញាំងឱ្យប្រធានក្រុមជម្រើសជាតិអេហ្ស៊ីបរូបនេះ កើនគ្រាប់ស៊ុតចំនួន ១៧គ្រាប់ក្នុងលីគនារដូវកាលនេះ តាមពីក្រោយកីឡាករ Ollie Watkins របស់ Aston Villa មាន ១៨គ្រាប់ និង Erling Haaland មាន ១៩គ្រាប់ច្រើនជាងគេជាមួយ Manchester City។

ក្នុងការប្រកួតវគ្គទី១ នៅកីឡដ្ឋាន Old Trafford នោះដែរ Luis Diaz ជាអ្នករកបានតែ ១គ្រាប់នាំមុខឱ្យក្រុមរបស់លោក Jurgen Klopp ដែលមានការស៊ុតសរុបដល់ទៅ ១៥លើកឯណោះ គ្រាដែលក្រុមម្ចាស់ផ្ទះបិសាចក្រហមគ្មាន សូម្បីតែ ១លើក។

យ៉ាងណាក៏ដោយ ការលេងបានត្រឹម ៥នាទី ក្រោយពីសម្រាក Bruno Fernandes ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ឱ្យ Man Utd និងបន្ថែមគ្រាប់ទី២ ដោយមិត្តរួមក្រុម Kobbie Mainoo នៅនាទី៦៧ នៅមុនពេលបង្កកំហុសចុងម៉ោង ដោយខ្សែការពារ Aaron Wan-Bissaka ដែលធ្វើឱ្យ Harvey Elliott ដួលក្នុងប្រអប់គ្រោះថ្នាក់នាំឱ្យ Salah បញ្ចប់ទីបានសម្រេចដោយបាល់ពិន័យ ១១ម៉ែត្រ។

តាមរយៈលទ្ធផលស្មើ ២-២ នេះបានធ្វើឱ្យ Liverpool ដែលជាជើងឯកលីគ Premier League 2019-2020 បន្តឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្នដដែលដោយមាន ៧១ពិន្ទុស្មើក្រុមកំពូលតារាង Arsenal ដ្បិតក្រុមការពារជើងឯក Man City ឈរលេខ៣ និងមាន ៧០ពិន្ទុ ក្រោយឆ្លងកាត់ ៣១ប្រកួតដូចគ្នា៕