(បរទេស)៖ ការប្រឈមមុខដាក់គ្នារវាងម្ចាស់បណ្តាញសង្គម X លោក Elon Musk និងតុលាការប្រេស៊ីល បានកើនកំដៅខ្លាំងឡើងហើយ ក្រោយចៅក្រមនៃតុលាការកំពូលប្រេស៉ីល នៅថ្ងៃអាទិត្យកន្លងទៅនេះ ចាប់ផ្តើមបើកការស៊ើបអង្កេតលើមហាសេដ្ឋី Elon Musk បន្ទាប់ពីលោក បាននិយាយថា នឹងធ្វើឱ្យគណនីមួយចំនួនមានភាពសកម្មឡើងវិញ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈគណនីទាំងនោះ ត្រូវបានតុលាការប្រេស៉ីលបញ្ជាឱ្យបិទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X និងជាមនុស្សដែលចូលចិត្តបញ្ចេញមតិ ដោយសេរីនោះ បានប្រកាសថា លោកជំទាស់នឹងការសម្រេចចិត្តរបស់ចៅក្រមនៃតុលាការកំពូលប្រេស៉ីល លោក Alexandre de Moraes ដែលបញ្ជាឱ្យបិទគណនី X មួយចំនួន។ លោកថា បណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter នឹងលុបចោលការរឹតបន្តឹងទាំងអស់ ព្រោះវាមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបានអំពាវនាវឱ្យចៅក្រមប្រស៉ីល Moraes លាលែងពីតំណែង។

ទោះបីជាយ៉ាងណាក៏ដោយ ទាំង Musk ឬក្រុមហ៊ុន X ផ្ទាល់ និងអាជ្ញាធរប្រេស៊ីល មិនបានបង្ហាញពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណា ដែលត្រូវបានបញ្ជាឱ្យបិទឡើយ។ ចៅក្រមប្រស៉ីល Moraes ត្រូវបានគេដឹងថា កំពុងតែស៊ើបអង្កេតលើ កងជីវពលឌីជីថល ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងសារស្អប់ខ្ពើមក្នុងអំឡុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីស្តាំនិយម Jair Bolsonaro ហើយក៏កំពុងដឹកនាំការស៊ើបអង្កេតលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវបានចោទប្រកាន់ដោយ Bolsonaro ផងដែរ។

គួរជម្រាបថា ជុំវិញបញ្ហានេះ នៅមិនទាន់មានដំណោះស្រាយណាមួយឡើយរវាងលោក Elon Musk ដែលជាម្ចាស់បណ្តាញសង្គម X និងចៅក្រមប្រេស៉ីល ខណៈចៅក្រមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើ X បរាជ័យក្នុងការអនុលោមតាមបញ្ជាឱ្យបិទគណនីមួយចំនួន ក្រុមហ៊ុននឹងត្រូវពិន័យជាប្រាក់ចំនួនខ្ទង់ ១៩,៧៤០ដុល្លារក្នុងមួយថ្ងៃ៕