(រ៉ូម)៖ Gianluca Mancini ខ្សែការពារក្លិបរមាស AS Roma ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី បើកការស៊ើបអង្កេត ករណីយកទង់ជាតិគូប្រជែង Lazio ដែលមានរូបសត្វកណ្តុរគ្រវី ជាការអបអរ ក្រោយស៊ុតបញ្ចូលទីបានសម្រេច។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករអន្តរជាតិអ៊ីតាលី វ័យ ២៧ឆ្នាំខាងលើនេះ បានរត់ទៅយកទង់ជាតិខាងក្រុម Lazio ដែលមានរូបសត្វកណ្តុររត់គ្រវីជាការអបអរ ក្រោយបំប៉ោងសំណាញ់ទីឱ្យ Roma បានសម្រេចនៅនាទី៤២ ដែលជាគ្រាប់បាល់ចូលទីតែ ១គ្រាប់ជ័យជម្នះរបស់ក្រុមលោក Daniele de Rossi ទៅលើគូប្រជែងដែលក្នុងស្ថិតក្នុងទីក្រុង Rome ជាមួយគ្នា នៃយុទ្ធនាការលីគកំពូល Serie A 2023-2024។

ជាមួយគ្នានោះ កាយវិការបែបនេះ ត្រូវបានមិត្តរួមជាតិដែលជាប្រធានក្រុម Lazio គឺ Ciro Immobile ចាត់ទុកថា «ជាកប្បកិរិយាមិនគួរឱ្យគោរព ប្រាស់ចាកពីការអបអរដែលមានច្រើនវិធីផ្សេងទៀត។ មានអ្នកខ្លះគិតថាវាការជាការអបអរ ដែលពុំមានមនុស្សច្រើនទេធ្វើដូចនេះ»

យ៉ាងនេះក្តី ក្រោយមកទៀត Mancini ដែលស្ថិតក្នុងជម្រើសជាតិអាសូរីអ៊ីតាលីបច្ចុប្បន្ន ក៏បានចេញមកសុំទោសជាសាធារណៈផងដែរ ចំពោះសកម្មភាពដែលប្រព្រឹត្ត និងបាននិយាយថា «ពុំមានចេតនាធ្វើឱ្យប៉ះពាល់ដល់នរណាម្នាក់ឡើយ»