(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា ទើបបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ដែល​បង្ហាញថា ABA នៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយពង្រឹងជំហរ ជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីចម្បងមួយ នៅក្នុងសេដ្ឋកិច្ច និងជាចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចរបស់​កម្ពុជា។

* កំណើនប្រាក់បញ្ញើ និងប្រាក់កម្ចី ឆ្លុះបញ្ចាំងអំពីទំនុកចិត្ត

កំណើនប្រាក់បញ្ញើ និងប្រាក់កម្ចី ឆ្លុះបញ្ចាំងអំពីទំនុកចិត្តប្រាក់បញ្ញើរបស់អតិថិជនកើនឡើងជាងឆ្នាំមុន ២៥% ដែលសម្រេចឈានដល់ ៩.០៣ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីទំនុកចិត្តកាន់តែច្រើនឡើងរបស់អតិថិជន ចំពោះសេវាហិរញ្ញវត្ថុរបស់ ABA ។ ផលបត្រប្រាក់កម្ចី ដែលផ្ដល់ជូនដល់ចម្រុះវិស័យ កើនឡើង ២១% សម្រេចឈានដល់ ៧.៧៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ កំណើននេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រអាជីវកម្ម និងធុរកិច្ចកម្ពុជា ខណៈដែលតម្រូវការឥណទាន មានការកើនឡើងជាលំដាប់ នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដែលងើបឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតជាសកល។

* ផលបត្រប្រាក់កម្ចី ស្របតាមកំណើន
​ចំពោះ​ផលបត្រប្រាក់កម្ចី បានកើនឡើង២១% ដោយសារធនាគារបានផ្តល់ប្រាក់កម្ចីចម្បងជាច្រើន ទៅឲ្យបណ្ដាសហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មធំៗ។ ការផ្តោតជាយុទ្ធសាស្ត្រនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការបង្កើនសហគមន៍សហគ្រិនកម្ពុជា និងជំរុញឧស្សាហកម្មសំខាន់ៗ ឲ្យបន្ដរីកចម្រើនទៅមុខ។​

* ការបង្កើនដើមទុន ជំរុញផែនការពង្រីកវិសាលភាព

ដើមទុនពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ ABA បានកើនឡើងពី៦៦០ លានដុល្លារ ក្នុងឆ្នាំ២០២២ ដល់ ១.១០ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៣។ ការបន្ថែមដើមទុននេះ កាន់តែធ្វើឲ្យមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA រឹងមាំ និងផ្តល់នូវបង្អែកដ៏មាំមួន សម្រាប់ផែនការពង្រីកវិសាលភាពនាពេលអនាគត។ ការវិនិយោគជាបន្តបន្ទាប់ពីភាគហ៊ុនិក និងការវិនិយោគដោយរក្សាទុកប្រាក់ចំណេញទាំងអស់នៅតែក្នុងធនាគារ បានបញ្ជាក់ពីទំនុកចិត្តរបស់ភាគហ៊ុនិកមកលើការដឹកនាំរបស់ ABA និងសក្ដានុពលនៃការរីកចម្រើន។ គិតមកទល់បច្ចុប្បន្ន ដើមទុនសរុបរបស់ ABA បានកើនដល់ ១.៧៨ ពាន់លានដុល្លារ ។

* ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

ទ្រព្យសកម្មសរុបរបស់ ABA បានកើនឡើង២៧% ដែលសម្រេចឈានដល់ ១១.៤៨ ពាន់លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៣។ សាច់ប្រាក់ងាយស្រួលក្នុងធនាគារកើនឡើង ៤០% ក្នុងឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់ដែលបានតំកល់ទុកជាមួយNBC និងធនាគារផ្សេងទៀត។ នេះបង្ហាញពីភាពប្រសើរឡើង នៃស្ថានភាពសន្ទនីយភាព (ការបម្លែងទ្រព្យសកម្មឱ្យទៅជាសាច់ប្រាក់) របស់ធនាគារ និងគូសបញ្ជាក់ អំពីភាពធន់ទៅកាន់ការប្រែប្រួលរបស់ទីផ្សារ។

* ប្រាក់ចំណេញឆ្លុះបញ្ចាំងពីការគ្រប់គ្រងដ៏ត្រឹមត្រូវ

ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២៣ បានកើនឡើងដល់ ២៧៦.៤៨ ​លានដុល្លារដែលឆ្លុះបញ្ចាំងពីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តកិច្ចគ្រប់គ្រងហិរញ្ញវត្ថុដ៏ត្រឹមត្រូវរបស់ ABA ។ កំណើននេះ ក៏ត្រូវបានទទួលស្គាល់ថា ជាសញ្ញានៃកិច្ចគ្រប់គ្រងផ្ទៃក្នុង និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏រឹងមាំ។ ធនាគារអាចរក្សាបាននូវកំណើនប្រាក់ចំណេញ តាមរយៈការផ្តល់ឥណទាន (ប្រាក់កម្ចី) ជាច្រើនរបស់ខ្លួន ។ ABA បានបង្កើនផលបត្រប្រាក់កម្ចីរបស់ខ្លួនចំនួន ១.៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលនាំឲ្យធនាគារទទួលចំណូលជាច្រើន ពីការប្រាក់សុទ្ធ។

* ការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាពកម្ពុជា

ការបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋចំនួន៧០.២៩ លានដុល្លារក្នុងឆ្នាំ ២០២៣ បានគូសបញ្ជាក់អំពីតម្លាភាព និងការយកចិត្តទុកដាក់របស់ ABA ចំពោះសុខុមាលភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ បង្ហាញពីសមិទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំរបស់ធនាគារ ស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។

* បណ្តាញទូលំទូលាយធានាបាននូវលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ

ជាមួយនឹងបណ្តាញសាខាចំនួន ៩៥ និងម៉ាស៊ីនស្វ័យសេវាជាង ១ ៧០០ទូទាំងប្រទេស ធនាគារ ABA ធានាបាននូវការប្រើប្រាស់ សេវាហិរញ្ញវត្ថយ៉ាងងាយស្រួល សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ការប្តេជ្ញាចិត្តនេះ ជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងផ្តល់លទ្ធភាព បន្ថែមជូនដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្មក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចជាតិ។ ដោយមានបណ្តាញសាខាដ៏រឹងមាំនិងបុគ្គលិកប្រកបដោយវិជ្ជាជីវៈជាង ៩​ ៥០០ នាក់ ABA បន្តវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក តាមរយៈ កម្មវិធីបណ្តុះបណ្តាល និងឱកាសអប់រំនានា ដើម្បីជំរុញដល់ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ និងធនាគារ។

* សមត្ថភាពខ្ពស់ក្នុងបង្កើតសេវាហិរញ្ញវត្ថុឌីជីថល ជូនអ្នកប្រើប្រាស់ និងអាជីវកម្ម

ក្នុងនាមជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ABA បានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងគ្រប់គ្រងហិវញ្ញវត្ថុរបស់ខ្លួន តាមរយៈអេបធនាគារ ដែលងាយស្រួលប្រើ និងមានសុវត្ថិភាពខ្ពស់បំផុត។ អ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការបង់ និងផ្ទេរប្រាក់, បង់ពន្ធ និងវិក័យបត្រ, ព្រមទាំងអាចរៀបចំផ្ទាំងវិចិត្រ និងប្តូរម៉ូដរចនារបស់អេប ទៅតាមចំណង់ចំណូលចិត្តខ្លួន បានយ៉ាងងាយស្រួល។ ការប្ដេជ្ញាចិត្តលើឌីជីថលូបនីយកម្មនេះ ក៏បានជួយពង្រឹងដល់សេវាធនាគារសម្រាប់អាជីវកម្មផងដែរ ដោយបានជួយឲ្យអាជីវកម្មទាំងអស់ អាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តាមរយៈការគ្រប់គ្រងលុយកាក់តាមបែបឌីជីថល។

លើសពីនេះ ABA ក៏ឈានមុខគេផងដែរ ក្នុងការលើកកម្ពស់ការទូទាត់ជាប្រាក់រៀល ដែលត្រូវបានដាក់បញ្ចូលទៅគ្រប់សេវាកម្មឌីជីថលរបស់ខ្លួនទាំងអស់។ នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការលើកស្ទួយរូបិយបណ្ណជាតិខ្មែរ។ អតិថិជន ABA អាចបើកគណនីសន្សំ និងដាក់ប្រាក់បានយ៉ាងងាយស្រួល ព្រមទាំងអាចដាក់ ឬដកប្រាក់ជាលុយរៀល នៅតាមម៉ាស៊ីនស្វ័យសេវា២៤ ម៉ោង លើ ២៤ម៉ោង។

* ដៃគូសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

លទ្ធផលហិរញ្ញវត្ថុដ៏ល្អ និងការផ្តោតលើកំណើនរបស់ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួន ជាដៃគូដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច ដែលកំពុងរីកចម្រើនទៅមុខរបស់កម្ពុជា។ ធនាគារនឹងបន្ដគាំទ្រដល់អាជីវកម្ម និងរូបវន្ដបុគ្គល តាមរយៈដំណោះស្រាយ ហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍ ដោយផ្តោតលើការផ្តល់ប្រាក់កម្ចីជូនសហគ្រាសធុនតូច និងមធ្យម និងការប្តេជ្ញាចិត្តចំពោះវិបុលភាពជាតិ។

ក្នុងនាមជាធនាគារពាណិជ្ជធំជាងគេ ABA ទទួលយក និងគាំទ្រយ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្ថែមទៀត។ ការប្តេជ្ញាចិត្តដ៏មុតមាំនេះ បានរួមបញ្ចូលនូវគំនិតផ្តួចផ្តើមរបស់ រដ្ឋាភិបាល ជា ច្រើន ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដោយ ABA គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលដៅយុទ្ធសាស្ត្រនេះ និងបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមចំណែកដល់ការសម្រេចគោលដៅរបស់រដ្ឋាភិបាល៕