(បរទេស)៖ បើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ripple លោក Brad Garlinghouse បានព្យាករណ៍ថា មូលធនប័ត្រទីផ្សារសរុបនៃទីផ្សាររូបិយប័ណ្ណគ្រីបតូអាចកើនឡើងដល់ ៥ពាន់ពាន់លានដុល្លារនៅដំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែមេស ឆ្នាំ២០២៤។

ថ្លែងប្រាប់សារព័ត៌មាន CNBC លោក Brad Garlinghouse រំពឹងថា តម្លៃទាំងមូលនៃទីផ្សារគ្រីបតូនឹងកើនឡើងទ្វេដងដោយលើកឡើងពីកត្តាម៉ាក្រូ រួមទាំងការមកដល់នៃមូលនិធិជួញដូរ bitcoin។ លោកនិយាយថា «ខ្ញុំបាននៅជុំវិញឧស្សាហកម្មនេះយូរមកហើយ ហើយខ្ញុំក៏បានមើលឃើញពីនិន្នាការនេះដែរ។ ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់។ ខ្ញុំគិតថានិន្នាការម៉ាក្រូធំ គឹ Biccoin ETFs កំពុងជំរុញឱ្យមានការកើនឡើងតម្លៃទ្វេដង»

រូបិយប័ណ្ណឌីជីថល Bitcoin បានហក់ឡើងថ្លៃខ្លាំង នៅក្នុងឆ្នាំ២០២៤ នេះ ហើយកត្តាសំខាន់បំផុតដែលនាំឱ្យវាហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារសន្ទុះកំណើននៃរំហូរវិនិយោគលើមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។ និយ័តករមូលបត្រអាមេរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF នៅថ្ងៃទី១០ ខែមករា ដើមឆ្នាំ២០២៤ នេះ។ ការអនុម័តនេះហើយ ជាកត្តាសំខាន់បំផុត ដែលបានបើកផ្លូវសម្រាប់អ្នកវិនិយោគធំៗថ្មីៗចាប់ផ្ដើមសម្រុកវិនិយោគលើ Bitcoin ដែលជំរុញឱ្យវាហក់ឡើងថ្លៃស្រឺតៗ ដោយគិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តម្លៃគ្រីបតូសរុបលើទីផ្សារ គឺតម្លៃប្រហែល ២.៦ ពាន់ពាន់លានដុល្លារ។ ដូច្នេះ ប្រសិនបើទីផ្សារកើនឡើងទ្វេដង នោះ នឹងបង្ហាញពីតម្លៃទីផ្សារគ្រីបតូសរុបថ្មីអាចកើនដល់ចំនួន ៥.២ ពាន់ពាន់លានដុល្លារនាដំណាច់ឆ្នាំ២០២៤នេះ។

គួរជម្រាបថា Bitcoin បានកើនឡើងច្រើនជាង ១៤០% ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។ វាបានឈានដល់កំណត់ត្រាខ្ពស់លើសពី ៧៣,០០០ដុល្លារ ក្នុងមួយ Bitcoin នៅថ្ងៃទី១៣ ខែមីនា កន្លងទៅ។ នេះបើយោងតាមទិន្នន័យពី CoinGecko ។ រូបិយប័ណ្ណឌីជីថលរបស់ពិភពលោកដ៏ធំមួយនេះ គឺជានិមិត្តសញ្ញាសំខាន់ ដែលជំរុញឱ្យមានការកើនឡើងសម្រាប់ទីផ្សារកាន់តែទូលំទូលាយ ត្បិត Bitcoin មានចំនួនប្រហែល ៤៩% នៃទីផ្សារគ្រីបតូទាំងមូល ជាមួយនឹងមូលធនប័ត្រទីផ្សារចំនួន ១.៣ ពាន់ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១ ខែមេសា៕