(មេនឆេស្ទើ)៖ កីឡាករស្នូកឃើ Mark Williams បានក្លាយជាជើងឯកពាន Tour Championship 2024 របស់អង់គ្លេស ក្រោយពេលយកឈ្នះជើងខ្លាំងលំដាប់លេខ១ ពិភពលោក Ronnie O’Sullivan ដោយលទ្ធផល ១០ទល់នឹង៥ នៅរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជាមួយគ្នានោះ Williams ក៏ទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ ១៥០,០០០ផោន ស្មើនឹង ១៨៩,៣៨៣ដុល្លារថែម ទៀតផង។

នេះជាកំណត់ត្រាឈ្នះពានលើកទី២៦ ក្នុងអាជីពស្នូកឃើរបស់កីឡាករអន្តរជាតិវ៉េលខាងលើនេះ ដែលបានប្រើសមត្ថភាពពិតៗ ក្នុងការវាយបកឈ្នះ ៧សិត (frame) ជាប់ៗគ្នា ដើម្បីដណ្តើមបានជើងឯក Tour Championship ជាលើកដំបូងរបស់ខ្លួនផងដែរ បន្ទាប់ពី Ronnie បានបើកការនាំមុខ ៥-៣ នៃការប្រកួតដែលមានដល់ទៅ ១៩សិតសរុប ធ្វើឡើងក្នុងទីលានស្ថិតក្នុងទីក្រុង Manchester។

ថ្លែងក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ Williams បានឱ្យដឹងថា «ខ្ញុំមិនដែលគិតសោះថា ខ្ញុំនឹងឈ្នះនៃការប្រកួតទាំងដែលខ្ញុំមានវ័យ ៤៩ឆ្នាំទៅហើយនេះទេ»