(ភ្នំពេញ)៖ តារាល្បីៗជាច្រើនដួងបានបង្ហាញវត្តមានយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីសង្រ្កាន្តឆ្នាំ នៃវិទ្យាល័យព្រែកលាភ កាលពីពេលថ្មីៗនេះ ដែលកម្មវិធីសង្ក្រាន្តកូនខ្មែរ អបអរឆ្នាំថ្មីនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន HK7 របស់អ្នកស្រី អ៊ឹម សុគន្ធា ហើយពិតជាទទួលបានការចូលរួមច្រើនពីសំណាក់សិល្បករ-សិល្បការិនី សិស្ស និងមហាជន មកលេងកម្សាន្តតាំងពីព្រឹករហូតដល់យប់ បើទោះបីជាអាកាសធាតុក្ដៅបន្តិចក្ដី។

អ្នកស្រី អ៊ឹម សុគន្ធា បានថ្លែងប្រាប់ Fresh News Plus ឱ្យដឹងនាថ្ងៃសង្ក្រាន្តកាលពីកន្លងទៅថា ការរៀបចំព្រឹត្តិការណ៍នេះឡើងត្បិតចំណាយអស់ច្រើន ប៉ុន្តែលោកស្រីពិតជារីករាយ។ ចំណែកការលំបាកវិញ ឃើញថាមានច្រើនតាំងពីការដឹកសម្ភារៈពីភ្នំពេញទៅខេត្ត ហើយបញ្ហាលំបាកមួយទៀត គឺខាងលោកស្រីមិនធ្លាប់បានរៀបចំកន្លងមក។ មួយវិញទៀត អ្នកស្រីមិនចង់ឲ្យបាត់បង់ ទំនៀមទម្លាប់នេះ ទើបទាក់ទងទៅលោក ទ្រី សក្កដា ទាំងប្រថុចញ៉ុច ដែលជាអ្នករៀបចំកម្មវិធី ឲ្យស្វែងស្វះ ធ្វើឲ្យកម្មវិធីកើតឡើងទាល់តែបាន។

នាយិការបស់ក្រុមហ៊ុន HK7 បានរៀបរាប់ឲ្យដឹងការដែលបានមករៀបចំនៅសាលាវិទ្យាល័យព្រែកលៀបនេះ លោកនាយកសាលាពិតជាស្វាគមន៍ និងមានស្នាមញញឹមជាប់ជានិច្ចពេលឃើញរៀបចំកម្មវិធីបែបប្រពៃណីនេះឡើង ហើយអាចឲ្យកូនសិស្សបញ្ចេញទេពកោសល្យលើឆាក និងការដាក់តាំងស្នាដៃសិស្សនានា ដែលខិតខំកែច្នៃយកមកបង្ហាញក្នុងកម្មវិធីនោះទៀតផង។

សម្រាប់តារាចម្រៀង អ្នកស្រីបានឲ្យក្រុមការងារអញ្ជើញសិល្បករជើងចាស់ មានបកស្រាយបទរាំរង់, ក្បាច់, សារ៉ាវ៉ាន់, កន្ទ្រឹម, ឡាំលាវ មិនមែនឲ្យមានតែសម័យឡើយ និងចង់ឲ្យក្មេងជំនាន់ក្រោយដឹងថា ការរៀបចំកម្មវិធីសង្ក្រាន្តសម្រាប់ចូលឆ្នាំថ្មី ត្រូវតែមានរៀងរាល់ឆ្នាំ។ មួយវិញទៀត អ្នកស្រីមិនចង់ឲ្យបាត់បង់ ទំនៀមទម្លាប់នេះ ទើបទាក់ទងទៅ ទ្រី សក្កដា ទាំងប្រថុចញ៉ុច ដែលជាអ្នករៀបចំកម្មវិធី ឲ្យស្វែងស្វះ ធ្វើឲ្យកម្មវិធីកើតឡើងទាល់តែបាន។

តារាល្បីៗរបស់កម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ មានដូចជា លោក ណយ វ៉ាន់ណេត, អ្នកនាង ស៊ុន ស្រីពេជ្រ, តារាចម្រៀង វី ឌីណែត, Miss Preteen Junior Idol World 2024 កញ្ញា ល្អហួស, លោក ម៉ា ដូណា, Miss Grand Cambodia 2023 ភឹម ស្រីនោ, កញ្ញា ប៊ី សុធារី Miss Grand ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៤, កញ្ញា កុយ អេនណា 1st Runner Miss Grand Cambodia 2023, កញ្ញា អ៊ិន លក្ខិណា 2nd Runner up Miss Grand Cambodia 2023, កញ្ញា ស៊ូ ស្រីនីត 3rd Runner up Miss Grand Cambodia 2023, កញ្ញា ប៉ោ លីនណា Miss HK7, កញ្ញា ឌី បញ្ញាវិមាលា Miss Grand ខេត្តសៀមរាប ឆ្នាំ២០២៤, លោក ទ្រី សក្កដា, ព្រមទាំងតារាចាស់ថ្មីជាច្រើនដួងទៀត។

អ្នកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់បន្ថែមថា ក្រោយឃើញប្រជាពលរដ្ឋគាំទ្រ ការរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងគគ្រឹកគគ្រេងគ្រប់កន្លែងបែបនេះ អ្នកស្រីពិតជាសប្បាយចិត្ត ហើយបើមានឱកាសបន្តបន្ទាប់ នឹងរៀបចំសង្ក្រាន្តឆ្នាំក្រោយៗទៀត ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ និងបើកឱកាសឲ្យសិស្សានុសិស្ស ចូលរួមលេងកម្សាន្តសប្បាយ ជាពិសេសគឺឱកាសឲ្យពួកគេបានជួបតារាល្បីៗ ដែលជា Idol របស់ពួកគេផ្ទាល់ផងដែរ៕