(ឡុងដ៍)៖ ក្លិបបាល់ទាត់ Everton បានខិតកាន់តែជិតទៅកាន់តំបន់កាត់ចេញពីលីគកំពូលអង់គ្លេសជាលើកដំបូង ក្នុងរយៈពេល ៧៣ឆ្នាំ បន្ទាប់ពីត្រូវបានដក ២ពិន្ទុ ពីបទបំពានច្បាប់ចាយវាយ (PSR) នៃលីគ Premier League រហូតដល់ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

នេះជាលើកទី២ ផងដែរសម្រាប់ក្លិបស្ករគ្រាប់ Everton ដែលត្រូវបានរងការកាត់ពិន្ទុក្នុងរដូវកាលនេះ ហើយនាំឱ្យក្លិបដឹកនាំដោយអ្នកចាត់ការ Sean Dyche មាន ២ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល ដោយនៅសល់ ៧ប្រកួតទៀត មុនបិទរដូវកាលនេះ។

គណៈកម្មការឯករាជ្យបានដាក់ទណ្ឌកម្មភ្លាមៗ បន្ទាប់ពីក្លិប Everton បានសារភាពថា ខ្លួនបានបំពានច្បាប់ PSR តាមរយៈខាតបង់ប្រាក់លើស ១៦.៦លានផោន សម្រាប់រយៈពេល ៣ឆ្នាំបញ្ចប់ត្រឹមតែមិថុនា ឆ្នាំ២០២៣។

គួររំលឹកថា Everton បានរងទណ្ឌកម្មកាត់ ១០ពិន្ទុកាលពីខែវិច្ឆិកាឆ្នាំមុន ដោយសារការចំណាយលើស ១៩.៥លានផោនក្នុងរយៈពេល ៤ឆ្នាំ គិតត្រឹមឆ្នាំ២០២២ ប៉ុន្តែតួលេខចំណាយរយៈពេល ២ឆ្នាំត្រូវបានគិតជារួម ជាមួយនឹងការចំណាយលើការរាតត្បាតពីជំងឺកូវីដ១៩ ហើយការកាត់ពិន្ទុ បានថយមកកាត់ត្រឹម ៦ពិន្ទុវិញ បន្ទាប់ពីការប្តឹងតវ៉ា៕