(បរទេស)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុន Hyundai Motor Co និង Kia Corp ត្រូវបានគេរាយការណ៍មកថា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រួមគ្នា ជាមួយក្រុមហ៊ុន Exide Energy Solutions Ltd របស់ឥណ្ឌា ស្តីពីការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី (EVs) របស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពជាដៃគូរបស់ពួកគេជាមួយ Exide Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Exide Industries Ltd មានគោលបំណងធ្វើមូលដ្ឋានីយកម្មការផលិតអាគុយ EV របស់ពួកគេនៅក្នុងប្រទេសឥណ្ឌា ជាពិសេសផ្តោតលើកោសិកាលីចូម-ដែក-ផូស្វាត (LFP)។

រំលឹកទៅរបាយការណ៍ចាស់ ក្រុមហ៊ុន Hyundai Motor បានធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគប្រហែល ៣.២៥ ពាន់ពាន់លានវ៉ុន (ប្រហែល ២.៤០ ពាន់លានដុល្លារ) សម្រាប់រយៈពេល ១០ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ រួមទាំងការចេញលក់រថយន្ត EV ចំនួន ៦ម៉ូដែលនៅឆ្នាំ ២០២៨ និងស្ថានីយ៍សាកថ្ម សម្រាប់ប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំទីបីរបស់ពិភពលោក។ សេចក្តីថ្លែងការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន Kia វិញក៏មានគម្រោងណែនាំរថយន្ត EVs ខ្នាតតូចដែលត្រូវបានកែលម្អក្នុងស្រុកសម្រាប់ទីផ្សារឥណ្ឌាចាប់ពីឆ្នាំ២០២៥ តទៅផងដែរ។

គួរជម្រាបដែរថា ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុនឥណ្ឌា ភាគហ៊ុនរបស់ក្រុមហ៊ុន Hyundai Motor និង Kia បានហក់ឡើងខ្ពស់ដល់ ៤.០ភាគរយ និង ៤.២ភាគរយរៀងគ្នា បើធៀបនឹងការកើនឡើងត្រឹម ០.៤ភាគរយពីរបាយការណ៍មុនរបស់ KOSPI៕