(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានដណ្ដើមមេដាយសរុប ១៤គ្រឿង ពីការប្រកួតកីឡាជឺជីតស៊ូអន្ដរជាតិដ៏ធំ Ju-Jitsu Thailand Championship 2024 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូបចូលរួម ខណៈជាលទ្ធផលក្រុមកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ៦)។

នៅលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធបានឲ្យដឹងទៀតថា កម្មវិធី Ju-Jitsu Thailand Championship 2024 មានអ្នកចូលរួមរហូតដល់ជាង ១,៤០០នាក់។ ដូច្នេះសហព័ន្ធបានចាត់ទុកជាការបំបែកនូវកំណត់ត្រាក្នុងការប្រកួតមួយដ៏ធំក្នុងតំបន់ ដែលមានអ្នកចូលរួមច្រើន និងសម្រេចបានសមិទ្ធផលល្អប្រសើរបែបនេះ៕